ព័ត៌មានសេដ្ឋកិច្ច

ម៉ុង ឫទ្ធី៖ អាជីវករដំណាំកៅស៊ូកុំទាន់អស់សង្ឃឹម ខ្ញុំរកទីផ្សារនៅប្រទេសអេស្ប៉ាញបានហើយ

លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រាប់ដល់អាជីវករ ដែលប្រកបអាជីវកម្មលើដំណាំកៅស៊ូទាំងអស់ កុំទាន់អាលអស់សង្ឃឹម ព្រោះលោករកទីផ្សារបាននៅ Valencia ប្រទេសអេស្ប៉ាញហើយ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី ចេញផ្សាយនៅថ្ងៃនេះ។

លោកបានបញ្ជាក់ថា នេះជាការសាកល្បងនាំចេញលើកទី២ហើយ ដែលគេទទួលស្គាល់ថា កៅស៊ូធម្មជាតិរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គឺមានគុណភាពខ្ពស់អាចទទួលយកបាន។

លើសពីនេះទៅទៀត វាក៏ជាលើកទីមួយហើយ ដែលមានកៅស៊ូក្រែបតំបន់ឆ្នេរសមុទ្រ ត្រូវបាននាំចេញពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់សហគមន៍អឺរ៉ុប ហើយជោគជ័យនេះ ក៏ជាក្តីសង្ឃឹមសម្រាប់អាជីវករទាំងអស់ ដែលប្រកបអាជីវកម្មដំណាំកៅស៊ូ។

គួរបញ្ជាក់ដែរថា លោកឧកញ៉ា ម៉ុង ឫទ្ធី តែងតែចាត់ទុកដំណាំកៅស៊ូ ជាដង្ហើមសេដ្ឋកិច្ចដ៏ធំមួយរបស់កម្ពុជា បើទោះបីជាតម្លៃកៅស៊ូនៅកម្ពុជា ធ្លាប់ធ្លាក់ចុះខ្លាំង ក៏លោកអំពាវនាវកុំឲ្យអាជីវករដែលប្រកបមុខរបរកៅស៊ូ បោះបង់ ឬកាប់ចោលឲ្យសោះ៕

មតិយោបល់