ព័ត៌មានសេដ្ឋកិច្ច

ក្នុងឆ្នាំ ២០១៧ កម្ពុជា ត្រូវការឈាមយ៉ាងតិចបំផុត ៧ម៉ឺនប្លោក សង្គ្រោះជីវិតទូទាំងប្រទេស

មជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវការឈាមយ៉ាងតិចបំផុត ៧ម៉ឺនប្លោក សម្រាប់ឆ្នាំ ២០១៧ខាងមុខនេះ ដើម្បីសង្គ្រោះជីវិតអ្នកជំងឺទូទាំងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឲ្យដឹងថា តាមការប៉ាន់ប្រមាណសម្រាប់ឆ្នាំ ២០១៧ខាងមុខនេះ តម្រូវការឈាមគឺ មានយ៉ាងតិចបំផុត ៧ម៉ឺនប្លោក ដែលជាតម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា និងក្នុងវិស័យសុខាភិបាលទាំងមូល។

ក្នុងឆ្នាំ ២០១៦នេះ ការប្រើប្រាស់ឈាមគ្រប់ប្រភេទ មានប្រមាណ ៦ម៉ឺន៥ពាន់ប្លោក ហើយគ្រាន់តែជាឆ្លើយតបទៅនឹងការព្យាបាលក្នុងករណីបន្ទាន់ៗ សំខាន់ៗ ហើយនាពេលអនាគត វិស័យសុខាភិបាល នឹងកាន់តែមានការរីកចម្រើន ឈាមទាំងអស់នេះ មិនទាន់គ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺគ្រប់ប្រភេទនៅឡើយទេ។

ការប្រើប្រាស់ឈាម មានកំណើនប្រមាណពី ១០ ទៅ ១៥ភាគរយជារៀងរាល់ឆ្នាំ ដែលតម្រូវឲ្យមានការចូលរួមក្នុងការបរិច្ចាគឈាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការឈាម នៅគ្រប់មន្ទីរពេទ្យទាំងអស់នៅទូទាំងប្រទេស។

គួរបញ្ជាក់ដែរ គិតរហូតមកដល់ចុងឆ្នាំ​ ២០១៦នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅរាជធានីភ្នំពេញ ទទួលឈាមនិងមានការផ្គត់ផ្គង់ឈាមប្រមាណ ៤៥០០០ប្លោក ខណ:ការទទួលឈាមសរុបទូទាំងប្រទេសមានចំនួន ៦៥០០០ប្លោក៕

មតិយោបល់