ព័ត៌មានសេដ្ឋកិច្ច

វិទ្យាស្ថានការទូត នឹងបង្ហាញវត្តមានជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា

ក្រសួងការបរទេស នឹងបង្កើតវិទ្យាស្ថានការទូត ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត ប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹង បរិបទការងារការបរទេស ដែលកំពុងរីកចម្រើននៅក្នុងតំបន់ និងនៅលើពិភពលោក។ នេះបើយោងតាមការឲ្យដឹងពីលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកបន្តថា វិទ្យាស្ថានការទូតនេះ នឹងធ្វើការបណ្តុះបណ្តាលជំនាញការទូតដល់ មន្រ្តីរាជការក្របខ័ណ្ឌ របស់ក្រសួងការបរទេស។

វិទ្យាស្ថានការទូតនេះ កំពុងតែដំណើរការសាងសង់ នៅក្នុងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិតែម្តង។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការបរទេស បានលើកឡើងថា នេះជាលើកដំបូងហើយ សម្រាប់កម្ពុជា ដែលមានវិទ្យាស្ថានការទូតរបស់ខ្លួន ខណ:នៅប្រទេសមួយចំនួន គឺមានរួចហើយ។

ដើម្បីឲ្យដំណើរការ នៃវិទ្យាស្ថានការទូតកាន់តែរលូន លោក ប្រាក់ សុខុន ក៏បានស្នើសុំភាគីជប៉ុន ឲ្យពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតកម្ពុជា និងវិទ្យាស្ថានការទូតជប៉ុន នាពេលខាងមុខ។

ជាការឆ្លើយតប លោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ស្វាគមន៍ចំពោះបំណងនេះ និងជម្រុញឲ្យភាគីកម្ពុជា បង្កើតគណ:ប្រតិភូរបស់ក្រសួងការបរទេសកម្ពុជា ទៅពិនិត្យ និងពិភាក្សាជាក់ស្តែងនូវការបង្កើតនូវវិទ្យាស្ថាននេះ៕

មតិយោបល់