ព័ត៌មានសេដ្ឋកិច្ច

ផលិតផលកម្ពុជាជាង ៣០០០មុខ នឹងនាំចេញទៅរុស្ស៊ី ក្រោមអត្រាពន្ធសូន្យភាគរយ

សភាពរុស្ស៊ី បានសន្យានឹងនាំចូលផលិតផលប្រមាណ​ ៣ពាន់មុខពីកម្ពុជា ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម-ពន្ធនាំចូលសូន្យភាគរយ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញនេះ។

លោកស្រី តឹករ៉េត កម្រង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយលោក ឌីមីទ្រី ស្វេតកូវ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា និងបានស្នើសុំភាគីរុស្ស៊ី ពិចារណាក្នុងការនាំចូលផលិតផលសម្លៀកបំពាក់ ជាពិសេស អាវរងារ ក៏ដូចជា អង្ករ ស្ករ និងកៅស៊ូ ជាការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលភាគីរុស្ស៊ីបានសន្យានាំចូលផលិតផលពី កម្ពុជាចំនួនប្រមាណ ៣០០០មុខ ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម-ពន្ធនាំចូលសូន្យ។

ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនេះ គឺធ្វើឡើង ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

លោកស្រី កម្រង ក៏បានស្នើសុំអញ្ជើញវិនិយោគិនរុស្ស៊ីមកកម្ពុជាបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ភាគីរុស្ស៊ី ក៏រំពឹងដែរថា នឹងមានជើងហោះហើរត្រង់ពីរុស្ស៊ី មកកាន់ កម្ពុជា បន្ទាប់ពីសេចក្តីសម្រេចជាផ្លូវការរវាងកម្ពុជា និងរុស្ស៊ី៕

មតិយោបល់