ព័ត៌មានសេដ្ឋកិច្ច

ធនាគារ ស្ថាបនា ទទួលកម្ចី ៥០លានដុល្លារ ពីធនាគារ Mizuho ធំជាងគេបំផុតនៅជប៉ុន

កាលពីពេលថ្មីៗនេះ ធនាគារ ស្ថាបនា បានចុះកិច្ចព្រមព្រៀងទទួលកម្ចី ៥០លានដុល្លារអាមេរិក សម្រាប់រយ:ពេល ៣ឆ្នាំ ពី ធនាគារ Mizuho ដែលជាធនាគារធំជាងគេបំផុតនៅជប៉ុន។ នេះបើយោងតាមគេហទំព័ររបស់ធនាគារស្ថាបនា។

ការផ្តល់កម្ចី ៥០លានដុល្លារ ក្នុងរយ:ពេល ៣ឆ្នាំ ជាកម្ចីពាណិជ្ជកម្មដ៏ធំមួយមិនធ្លាប់មាននៅកម្ពុជា ដែលផ្តល់ដោយធនាគារលំដាប់ធំជាងគេនៅជប៉ុន។

លោក Kato Norihiko នាយកប្រតិបត្តិនៃធនាគារស្ថាបនា បានឲ្យដឹងថា ធនាគារ ស្ថាបនា ពិតជាមានមោទនភាពណាស់ ដែលធនាគារ Mizuho យល់ច្បាស់ពីដំណើរការ និងការគ្រប់គ្រងរបស់ធនាគារស្ថាបនា ព្រមទាំងចូលរួមគាំទ្រដល់ទស្សនវិស័យ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា។

ធនាគារស្ថាបនា នឹងប្តេជ្ញាធ្វើជា ធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា ដែលមានទស្សនវិស័យកាត់បន្ថយភាពក្រីក្រ និងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អបំផុត សម្រាប់ប្រជាជនកម្ពុជា។

លោក Fukui Takeshi តំណាងធនាគារ Mizuho បានឲ្យដឹងថា ធនាគារ Mizuho ពេញចិត្តនឹងគាំទ្រដល់ទស្សនវិស័យរបស់ធនាគារស្ថាបនា ដែលផ្តោតលើ អតិថិជនជាចម្បង។

គួររម្លឹកដែរថា ធនាគារស្ថាបនា បានក្លាយខ្លួនជា ធនាគារពាណិជ្ជ ចំនួន ១ឆ្នាំហើយ នឹងមាន ១៦០សាខា កំពុងប្រតិបត្តិការនៅទូទាំង ២៥ខេត្តក្រុង៕

មតិយោបល់