ព័ត៌មានសេដ្ឋកិច្ច

មហាវិថីសម្តេចតេជោ ៦០ម៉ែត្រ អាចធ្វើជាផ្លូវយន្តហោះចុះចត បើមានអាសន្ន

មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថា មហាវិថី ៦០ម៉ែត្រ បានបើកសម្ពោធជាផ្លូវការនៅថ្ងៃនេះ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

មហាវិថីសម្តេចតេជោនេះ ក៏អាចនឹងធ្វើជាផ្លូវយន្តហោះចុះចត នាគ្រាមានអាសន្ន ប្រសិនបើព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានបញ្ហា។

យន្តហោះមួយចំនួន ដែលជួបបញ្ហា តែសល់សាំងច្រើន អាចនឹងត្រលប់ទៅចុះចតនៅ ខេត្តសៀមរាប ឬទីក្រុងហូជីមិញ ឬទីក្រុងបាងកក យ៉ាងណាមិញ បើយន្តហោះខ្លះ ដែលជួបបញ្ហា ត្រូវចុះចតបន្ទាន់ អាចចុះនៅតាមមហាវិថីនេះបាន ដើម្បីបញ្ចៀសឧបទ្ទេវហេតុណាមួយ។

មហាវិថីនេះ ចំណាយប្រាក់ប្រមាណ ៧៦លានដុល្លារអាមេរិក មានប្រវែងជាង ៩គីឡូម៉ែត្រ និងទទឹងអ៊ុតកៅស៊ូ ៣០ម៉ែត្រ មានចិញ្ចើមផ្លូវ ១៥ម៉ែត្រសងខាង ដែលនឹងក្លាយជាមហាវិថីធំជាងគេបង្អស់ក្នុង រាជធានីភ្នំពេញ។

ការតភ្ជាប់មហាវិថី ៦០ម៉ែត្រ ពីផ្លូវលេខ ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ទៅដល់ផ្លូវជាតិលេខ ២ ត្រង់ចំណុចព្រែកកំពឹស ក្នុងគម្រោងអភិវឌ្ឍន៍បឹងជើងឯក នឹងជួយជម្រុញការអភិវឌ្ឍន៍ភាគខាងត្បូងទីក្រុង ឲ្យកាន់តែប្រសើរឡើងថែមទៀត៕

 

មតិយោបល់