ព័ត៌មានសេដ្ឋកិច្ច

បាត់ដំបង ក្រចេះ កំពត នឹងត្រូវបានស្នើដាក់ជា ទីក្រុងបេតិកភណ្ឌពិភពលោក

រាជរដ្ឋាភិបាលកម្ពុជា​ នឹងស្នើទៅអង្គការយូណេស្កូ សុំដាក់ទីក្រុងចំនួន ៣ ជាទីក្រុងបេតិកភណ្ឌពិភពលោក នៅខែមិថុនាខាងមុខនេះ ដែលរួមមានទីក្រុងបាត់ដំបង ទីក្រុងក្រចេះ និងទីក្រុងកំពត។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងទេសចរណ៍ ចេញផ្សាយកាលពីម្សិលមិញនេះ។

ក្រសួងទេសចរណ៍​ រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានរៀបចំសំណុំបែបបទ និងឯកសារពាក់ព័ន្ធរួចហើយ ដើម្បីស្នើទៅអង្គការយូណេស្កូ សុំដាក់ទីក្រុងទាំង ៣ ជាទីក្រុងបេតិកភណ្ឌពិភពលោក បន្ទាប់ពីទីក្រុងសៀមរាប។

មូលហេតុចម្បងនៃការស្នើសុំនេះ គឺដោយសារទីក្រុងទាំងនេះ សម្បូរទៅដោយសំណង់អគារ និងផ្ទះបុរាណជាច្រើន ពិសេសសម័យអាណានិគមនិយមបារាំង និងសម្បត្តិបេតិកភណ្ឌចំណាស់ៗ ដែលមានសក្តានុពលខ្ពស់ ក្នុងការទាក់ទាញភ្ញៀវទេសចរ និងទាមទារឲ្យមានការថែរក្សាអភិរក្សជាចាំបាច់។

គួរបញ្ជាក់ថា ការដាក់ជាទីក្រុងបេតិកភណ្ឌនេះ គឺដើម្បីឲ្យមានការទទួលស្គាល់ជាអន្តរជាតិ និងផ្សព្វផ្សាយទៅសកលលោកថា ទីក្រុងទាំង ៣នេះ ជាទីក្រុងបេតិកភណ្ឌ ដែលអាចទាក់ទាញទេសចរ និងអ្នកវិនិយោគនានា ឲ្យចូលរួមអភិរក្ស និងអភិវឌ្ឍទីក្រុងទាំងនោះ ហើយលទ្ធផលនឹងបានដឹងនៅខែមិថុនាផងដែរ៕

មតិយោបល់