ព័ត៌មានសេដ្ឋកិច្ច

ប័ណ្ណចូលទស្សនាតំបន់អង្គរ លក់តាមអនឡាញ ទូទាត់តាមរយៈ Credit Card

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យមានការលក់ប័ណ្ណចូលទស្សនាតំបន់អង្គរ តាមប្រព័ន្ធអនឡាញ ដោយទូទាត់តាមរយ: Credit Card។​ នេះបើយោងតាម ក្រសួងទេសចរណ៍ បានឲ្យដឹងនៅថ្ងៃនេះ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ បានសម្រេចឲ្យគ្រឹះស្ថានអង្គរ រៀបចំឲ្យមានការលក់ប័ណ្ណតាមប្រព័ន្ធអនឡាញ ដោយភ្ញៀវទេសចរអាចទូទាត់តាមរយ: Credit Card។

ការដាក់ឲ្យដំណើរការប្រព័ន្ធព័ត៌មានវិជ្ជាថ្មី នឹងសម្រួលដល់ការគ្រប់គ្រងប្រតិបត្តិការលក់ ជាពិសេសការគ្រប់គ្រងចំណូល គ្រង់គ្រងការបោះពុម្ពប័ណ្ណ នឹងបង្កភាពងាយស្រួលដល់ការធ្វើសវនកម្ម។

គិតត្រឹម ៣ខែដើមឆ្នាំ ២០១៧នេះ ចំណូលពីការលក់ប័ណ្ណចូលទស្សនាអង្គរ គឺប្រមាណជាង ៣០លានដុល្លារអាមេរិក ដែលក្នុងនោះ​ ៩.៥សែនដុល្លារអាមេរិកត្រូវកាត់ចូល មន្ទីរពេទ្យគន្ធបុប្ផា។

ចាប់ពីថ្ងៃទី ១ ខែកុម្ភ: ឆ្នាំ ២០១៦ សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរវត្ត បានកែប្រែតម្លៃថ្មី គឺឡើងដល់ ៣៧ដុល្លារអាមេរិក សម្រាប់ចូលទស្សនា ១ថ្ងៃ ដោយរាល់ការទិញសំបុត្រទាំងអស់ គឺកាត់ ២ដុល្លារអាមេរិក សម្រាប់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។

យ៉ាងណាមិញ នៅខែមីនា ចំនួនភ្ញៀវទេសចរ មកទស្សនារមណីយដ្ឋានអង្គរ មិនចុះថមថយនោះទេ នឹងបានបង្កើតចំណូលជាង ១០លានដុល្លារអាមេរិក ដោយជាង ៤.៥សែនដុល្លារអាមេរិក ត្រូវបានបែងចែកដល់មូលនិធិមន្ទីរពេទ្យកុមារគន្ធបុប្ផា។

រាជរដ្ឋាភិបាល បានធ្វើការកែសម្រួល តម្លៃសំបុត្រចូលទស្សនារមនីយដ្ឋានអង្គរ សម្រាប់ជនបរទេសនេះ គឺដើម្បីរក្សាតម្លៃសំបុត្រ ចូលទស្សនាអង្គរឲ្យ មាននិរន្តរភាព ដោយហេតុផលថា តម្លៃបណ្ណថ្មី ៣៧ដុល្លារអាមេរិក គឺនៅទាបជាង តម្លៃសំបុត្រ ២០ដុល្លារអាមេរិក ដែលបានអនុវត្តន៍ កាលពី ២០ឆ្នាំមុន រហូតមកដល់ពេលនេះ។

គួររម្លឹកដែរថា ក្នុងខែមករា ឆ្នាំ ២០១៧ កន្លងទៅនេះ  ភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ២៨៧,០០០នាក់ បានមកទស្សនាប្រាសាទអង្គរវត្ត និងបង្កើតចំណូលពីការលក់សំបុត្របានជាង ៨លានដុល្លារអាមេរិក៕

មតិយោបល់