ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ចាប់ផ្តើមបង្កើតមន្ទីរពិសោធន៍លើ ផលិតផលឧស្សាហកម្ម ជាលក្ខណៈអន្តរជាតិ

ក្រសួងឧស្សាកម្ម និងសិប្បកម្ម បានចាប់ផ្តើមបង្កើតឲ្យមាន មន្ទីរពិសោធន៍លើ ផលិតផលផ្នែកឧស្សាហកម្ម ជាលក្ខណ:អន្តរជាតិ ក្នុងការត្រួតពិនិត្យផលិតផលទំនិញ នៅតាមរោងចក្រសហគ្រាសក្នុងស្រុក ដើម្បីពង្រឹងគុណភាព សុវត្ថិភាព មុននឹងនាំចេញទៅក្រៅប្រទេស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ការបង្កើតមន្ទីរពិសោធន៍ជាលក្ខណ:ស្តង់ដារនេះ ពិតជាមានសារ:សំខាន់ណាស់ ពីព្រោះកន្លងមក ការធ្វើពិសោធន៍លើផលិតផល ដែលនាំចេញពីកម្ពុជា ទៅក្រៅប្រទេស ក្រុមហ៊ុនអន្តរជាតិមួយចំនួន មិនសូវមានការទទួលស្គាល់គុណភាព ខណ:ការវាយតម្លៃរួចហើយ ត្រូវយកមកពិនិត្យមើលម្តងទៀត។

ការសម្រេចបង្កើតមន្ទីរពិសោធន៍ MTS Cambodia នេះ គឺក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានសហការជាមួយក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថៃ លើការពង្រឹងសមត្ថភាព ក្នុងការត្រួតពិនិត្យ និងវាយតម្លៃ មុននឹងនាំចេញទៅប្រទេសថៃ​ និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់។

លើសពីនេះទៅទៀត មន្ទីរពិសោធន៍នេះ នឹងមានសិទ្ធិចេញលទ្ធផលពិសោធន៍ លើផលិតផលទំនិញពីកម្ពុជា ដែលទទួលស្គាល់ជាលក្ខណ:សកល។

គួររម្លឹកដែរថា នេះជាលើកទី ២​ហើយ ដែលក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសហការជាមួយវិស័យឯកជន ក្នុងការបង្កើតឲ្យមានមន្ទីរពិសោធន៍លំដាប់អន្តរជាតិនៅក្នុងស្រុក រួមមាន ក្រុមហ៊ុនមន្ទីរពិសោធន៍ SGS Cambodia និងក្រុមហ៊ុនមន្ទីរពិសោធន៍ MTS Cambodia៕

មតិយោបល់