ព័ត៌មានសេដ្ឋកិច្ច

សាលាក្រុងភ្នំពេញ៖ សូមជួយវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ព្រោះកម្មករស៊ិនទ្រីទៅលេងស្រុក៣ថ្ងៃ

សាលារាជធានីភ្នំពេញ​ បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែររយ:ពេល ៣ថ្ងៃខាងមុខនេះ ជួយវេចខ្ចប់សំរាម និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅតាមផ្ទះ ខណ:កម្មករស៊ិនទ្រីមួយចំនួន បានចេញទៅលេងស្រុកកំណើត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

សម្រាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះ កម្មករស៊ិនទ្រី មិនបានធ្វើការពេញលេញនោះទេ ព្រោះពួកគេបានចាកចេញទៅលេងស្រុកកំណើតហើយ អាស្រ័យហេតុនេះ ប្រជាពលរដ្ឋមិនត្រូវបញ្ចេញសំរាមមកទុកដាក់ខាងក្រៅផ្ទះ ឬទុកចោលតាមទីសាធារណ:នោះឡើយ។

យ៉ាងណាមិញ ក្រុមហ៊ុនស៊ិនទ្រី នឹងបន្ថែមធុងសំរាមធំៗ ពង្រាយតាមទីតាំងសំខាន់ៗតាមដងផ្លូវសាធារណ: ដើម្បីឲ្យប្រជាពលរដ្ឋអាចយកសំរាម មកទុកដាក់ឲ្យបានត្រឹមត្រូវ ក្នុងអំឡុងពេលនេះ។

ដូច្នេះ សូមបងប្អូនមេត្តាយោគយល់អធ្យាស្រ័យ វេចខ្ចប់ទុកដាក់សំរាមនៅផ្ទះសិន ចាំដល់ពេលបុណ្យចូលឆ្នាំខ្មែរចប់ សឹមបញ្ចេញមកវិញ។

គួរជម្រាបដែរថា ការប្រមូលសំរាមនៅថ្ងៃធម្មតា មានប្រមាណពី ១៨០០តោន ទៅ ១៩០០តោន ត្រូវបានដឹកចេញទៅកាន់ទីលានចាក់សំរាមនៅ ខណ្ឌដង្កោ៕

មតិយោបល់