ព័ត៌មានសេដ្ឋកិច្ច

ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជា នៅតែបន្តភាពរឹងមាំ ក្នុងរង្វង់ ៦.៩%

កាលពីម្សិលមិញនេះ ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងតែមានភាពរឹងមាំក្នុងរង្វង់ ៦.៩ភាគរយ សម្រាប់ឆ្នាំ ២០១៧ និង ២០១៨ ខាងមុខនេះ។

សេដ្ឋកិច្ចកម្ពុជា នៅតែបន្តកំណើនខ្ពស់ដដែលនេះ គឺដោយសារតែមាន ការចំណាយសាធារណ:ខ្ពស់ និងការពង្រឹងវិស័យកសិកម្ម និងទេសចរណ៍ ជំនួសឲ្យការធ្លាក់ចុះនៃវិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់។

វិស័យសំណង់ នៅតែមានភាពរស់រវើក តែយ៉ាងណាមិញ ការនាំចេញសម្លៀកបំពាក់ បានថយចុះ ដោយសារការប្រកួតប្រជែងនៅក្រៅប្រទេសរបស់កម្ពុជា កំពុងជួបបញ្ហាប្រឈម បណ្តាលមកពីការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក កើនឡើងចំណាយថ្លៃដើមពលកម្ម និងការប្រកួតប្រជែងពីបណ្តាប្រទេសជិតខាង ដែលផ្តល់ប្រាក់ឈ្នួលទាប។

រីឯវិស័យកសិកម្ម មានការកើនឡើងប្រសើរជាងមុខ ដោយសារអាកាសធាតុអំណោយផល។

គួររម្លឹកដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងនៅតែមានភាពរឹងមាំ ក្នុងរយ:ពេល ២ឆ្នាំ​បន្តទៀត ដោយសារតែ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង សកម្មភាព ក្នុងវិស័យសំណង់ និងអចលនទ្រព្យ និងការកើនឡើងនូវចំណាយរបស់រាជរដ្ឋាភិបាល គួបផ្សំនឹងការងើបឡើងវិញក្នុងកម្រិតមធ្យមនៃផលិតកម្មកសិកម្ម៕

មតិយោបល់