ក្នុងរយ:ពេល ២៣ឆ្នាំ គិតចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៦ ប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានា សរុបចំនួនជាង ៨.៣ពាន់លានដុល្លារអាមេរិក និងទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍សរុបចំនួន ៨៨៥លានដុល្លារអាមេរិក។ នេះបើយោងតាម ព្រឹត្តិបត្រស្ថិតិបំណុលសាធារណ:កម្ពុជា លេខ៣ ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
រដ្ឋាភិបាលកម្ពុជា ក៏បានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍ យកមកប្រើប្រាស់ជាក់ស្តែងសរុបចំនួនប្រមាណ ៥.៨ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៧០ភាគរយ នៃទំហំឥណទានសម្បទានសរុប។
ចំពោះទំហំកម្ចីដែលធំជាងគេ គឺបានមកពី ប្រទេសចិន ៣.៦ពាន់លានដុល្លារអាមេរិក (ទ្វេភាគី) និង ធនាគារអភិវឌ្ឍន៍អាស៊ី ២ពាន់លានដុល្លារអាមេរិក (ពហុភាគី)។
គោលដៅនៃការខ្ចីឥណទានសម្បទានទាំងនេះ គឺសុទ្ធតែសម្រាប់ហិរញ្ញប្បទានលើ គម្រោងវិនិយោគសាធារណ: ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធ គ្របដណ្តប់ប្រមាណ ៨៦ភាគរយ និងវិស័យអាទិភាពផ្សេងទៀតប្រមាណ ១៣ភាគរយ។
តាមការសន្និដ្ឋាន ដោយផ្អែកតាមបទដ្ឋានបច្ចេកទេសអន្តរជាតិ ស្ថានភាពបំណុលសាធារណ:កម្ពុជាបច្ចុប្បន្នមាន ចីរភាព និងហានិភ័យកម្រិតទាប៕
ទាញយកឯកសារពេញ៖ ព្រឹត្តិបត្រស្ថិតិបំណុលសាធារណ:កម្ពុជា លេខ៣
មតិយោបល់