ព័ត៌មានសេដ្ឋកិច្ច

ស្អែកនេះ Starbucks នឹងបើកសាខាថ្មី នៅ Exchange Square ក្បែរវត្តភ្នំ

ហាងកាហ្វេ Starbucks នឹងបើកសម្ពោធសាខាថ្មី នៅ Exchange Square នៅព្រឹកស្អែកនេះ ដែលជាសាខាទី ៥ បន្ទាប់ពីសាខាទី ១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សាខាទី ២ នៅផ្សារទំនើបអ៊ីអនម៉ល សាខាទី ៣ នៅបឹងកេងកង និងសាខាទី ៤ នៅទួលគោក។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Starbucks Cambodia ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ហាងកាហ្វេដ៏ល្បីមកពីសហរដ្ឋអាមេរិកនេះ បានបើកសាខាដំបូងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីខែធ្នូ ឆ្នាំ ២០១៥ សាខាទី ២ នៅផ្សារទំនើបអ៊ីអនម៉ល សាខាទី ៣ នៅបឹងកេងកង សាខាទី ៤ នៅទួលគោក ដែលទទួលបានការគាំទ្រច្រើនគួរឲ្យកត់សម្គាល់។

រីឯគម្រោងអគារ Exchange Square ជាគម្រោងអគារពាណិជ្ជកម្មដ៏ស្កឹមស្កៃ អភិវឌ្ឍន៍ដោយក្រុមហ៊ុន Hong Kong Land ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងឆ្នាំ ២០១៧នេះ។

អគារនេះ មានទីតាំងស្ថិតនៅផ្លូវលេខ ១០៦ កែងផ្លូវ ៥១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយទូតអាមេរិក។

គួររម្លឹកផងដែរថា Starbucks ចាប់កំណើតនៅទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងឆ្នាំ​ ១៩៧១ ដោយមានស្ថាបនិក ៣នាក់ប៉ុណ្ណោះ ហើយបច្ចុប្បន្នហាងកាហ្វេនេះ មានប្រមាណ ២ម៉ឺន៥ពាន់សាខា នៅក្នុងប្រទេសចំនួន ៧៥៕

មតិយោបល់