Post News Media ព័ត៌មានសេដ្ឋកិច្ច ក្រសួងដែនដី ជ...

ក្រសួងដែនដី ជម្រុញស្នាដៃស្ថាបត្យកម្មរចនាបថខ្មែរទំនើបល្អឯក មិនចម្លងពីគេ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសជម្រុញលើកទឹកចិត្តដល់ ស្ថាបត្យករខ្មែរទាំងអស់ ឲ្យរាល់ការស្ថាបនាសំណង់អគារខ្ពស់ៗ ត្រូវបញ្ចូលគំនិតស្ថាបត្យកម្មខ្មែរ ដើម្បីរក្សាបាននូវ អត្តសញ្ញាណជាតិ និងការទាក់ទាញភ្ញៀវទេសចរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ទោះបីកម្ពុជា បានបើកសិទ្ធិសេរីភាពក្នុងការសាងសង់សំណង់អគារកដ៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាល ត្រូវតែទាមទារឲ្យសំណង់អគារទាំងអស់ មានក្បាច់ចម្លាក់រូបសណ្ឋានបញ្ជាក់អំពី វប្បធម៌ខ្មែរ។

ក្រុមស្ថាបត្យករខ្មែរ គ្រោងនឹងជួបជុំគ្នាជាទ្រង់ទ្រាយធំ នៅខែកញ្ញា ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ពិព័រណ៌ស្នាដៃស្ថាបត្យកម្មខ្មែរ ឆ្នាំ ២០១៧ ដើម្បីពិភាក្សាអំពី ការបញ្ចូលវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងអត្តសញ្ញាណរបស់ខ្មែរ នៅក្នុងការកសាងអគារទំនើបៗ ដែលមិនចម្លងពីគេនោះ។

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ រក្សាស្នាដៃស្ថាបត្យកម្មរចនាបថខ្មែរ ដើម្បីរក្សាព្រលឹងវប្បធម៌ និងទាក់ទាញការចាប់អារម្មណ៍ពី ភ្ញៀវទេសចរ។

គួរម្លឹកដែរថា វិស័យសំណង់នៅកម្ពុជា កាលពីឆ្នាំ ២០១៦ មានកំណើនរហូតដល់ជាង ២ដងកន្លះ ឬស្មើនឹង ១៥៦ភាគរយ បើធៀបនឹងឆ្នាំ ២០១៥ តែពុំសូវមានការប្រើប្រាស់រចនាបថខ្មែរនោះទេ៕

Loading...