ព័ត៌មានសេដ្ឋកិច្ច

EDC៖ ការទិញថាមពលអគ្គិសនីពីបរទេស ធ្លាក់ចុះពី ៨០% មកត្រឹម ២០%ប៉ុណ្ណោះ

កាលពីម្សិលមិញនេះ លោក កែវ រតន: អគ្គនាយកអគ្គិសនីកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា បានកាត់បន្ថយការនំចូលថាមពលអគ្គិសនីយ៉ាងច្រើនពី ប្រទេសឡាវ ថៃ និងវៀតណាម ដោយបច្ចុប្បន្ននៅសល់ប្រមាណជាង ២០ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។

កាលពីឆ្នាំ ២០០៩-២០១០ កម្ពុជា នាំចូលថាមពលពីប្រទេសឡាវ ថៃ វៀតណាម ប្រមាណ ៨០ភាគរយ តែយ៉ាងណាមិញ កម្ពុជា ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ផលិតថាមពលអគ្គិសនីដោយខ្លួនឯង និងកាត់បន្ថយការនាំចូល ឲ្យសល់ត្រឹមតែ ២០ភាគរយប៉ុណ្ណោះ។

រីឯក្រុមហ៊ុន General Electric បានចុះហត្ថលេខាលើ គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនី ដើរដោយធ្យូងថ្ម មានកម្លាំង ១៥០មេហ្កាវ៉ាត់ នៅខេត្តព្រះសីហនុ។

គួររម្លឹកដែរថា ការផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសកម្ពុជា កើនឡើងប្រមាណ ២០ភាគរយ ក្នុងឆ្នាំ ២០១៦​ បើធៀបនឹងឆ្នាំ ២០១៥ ក្នុងនោះ វារីអគ្គិសនីចំនួន ៦ ផ្គត់ផ្គង់អគ្គិសនីសរុប ៩២៨មេហ្គាវ៉ាត់ ហើយរោងចក្រធ្យូងថ្ម ផ្គត់ផ្គង់ប្រមាណ ៥០៥មេហ្គាវ៉ាត។

ប្រភពថាមពលខាងលើ បាននិងកំពុងផ្គត់ផ្គង់ដល់ប្រមាណ ២លានលំនៅដ្ឋាន ដែលស្មើនឹង ៥៨ភាគរយនៃលំនៅដ្ឋានសរុបទូទាំងប្រទេស ហើយបណ្តាញអគ្គិសនី បានតភ្ជាប់ទៅដល់ជាង ​១ម៉ឺនភូមិ ស្មើនឹង ៧៤ភាគរយនៃភូមិសរុប។

យ៉ាងណាមិញ ក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ដែរថា ត្រឹមឆ្នាំ ២០១៨ កម្ពុជានឹងបង្កើតអគ្គិសនី ៤០០មេហ្គាវ៉ាត់បន្ថែមទៀត តាមរបស់វារីអគ្គិសនីសេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែង៕

មតិយោបល់