ព័ត៌មានសេដ្ឋកិច្ច

ក្រសួងកសិកម្ម អនុញ្ញាតនាំចូលជ្រូករស់ ១២៥០ក្បាល មិនមែន ៥០០០ក្បាល/ថ្ងៃ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីម្សិលមិញនេះ និងបញ្ជាក់ឲ្យដឹងថា ដើម្បីធានាស្ថិរភាពថ្លៃ និងតម្រូវការផ្គត់ផ្គង់ជ្រូកសាច់ទូទាំងប្រទេស ក្រសួងបានអនុញ្ញាតឲ្យដឹកជញ្ជូនជ្រូកសាច់រស់ នាំចូលជាបណ្តោះអាសន្នគិតជាមធ្យមប្រមាណ ១២៥០ក្បាលក្នុងមួយថ្ងៃ មិនមែនរហូតដល់ ៥០០០ក្បាលក្នុងមួយថ្ងៃ តាមការលើកឡើងនោះទេ។

យ៉ាងណាមិញ តម្លៃជ្រូកចុះថ្លៃខ្លាំង ធៀបនឹងបណ្តាឆ្នាំមុនៗ តែការធ្លាក់ចុះនេះ មិនមែនតែនៅកម្ពុជាទេ សូម្បីតែនៅប្រទេសវៀតណាម និងថៃ ក៏មានការធ្លាក់ចុះដែរ។

លើសពីនេះទៅទៀត ជ្រូកកសិករចុះថ្លៃហើយ គ្មានអ្នកចុះប្រមូលទិញទៀត ដែលបណ្តាលមកពីការប្រកួតប្រជែងពីជ្រូកនាំចូល ជាលទ្ធផលអ្នកចិញ្ចឹមជ្រូកមួយចំនួន បានកាត់បន្ថយចំនួនសត្វចិញ្ចឹមរបស់ខ្លួន ដើម្បីចៀសវាងការខាតបង់។

ក្រសួងក៏បានបញ្ជាក់ដែរថា ក្រសួងបាន ចាត់វិធានការទប់ស្កាត់ការនាំចូល និងការចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ ដែលពុំមានលិខិតអនុញ្ញាត ហើយកាលពីពេលថ្មីៗនេះ ក៏បានរឹតបន្តឹងលក្ខខណ្ឌតម្រូវនៃការនាំចូលសត្វរស់ សាច់សត្វ និងផលិតផលសត្វពីបរទេស។

នៅសភាពាណិជ្ជកម្មកម្ពុជា ក៏មានការបង្កើតក្រុមការងារពិសេស ដើម្បីគ្រប់គ្រងការនាំចូលជ្រូកពី ប្រទេសជិតខាង ជួយដល់កសិករចិញ្ចឹមជ្រូករស់ឡើងវិញ និងធានាដល់សុវត្ថិភាពផ្នែកសុខភាពផងដែរ។

ប្រទេសកម្ពុជា បានចំណាយលើការនាំចូលជ្រូក ប្រមាណជាង ៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងចំណាយប្រមាណ ២០០លានដុល្លារអាមេរិក នាំចូលបន្លែពីប្រទេសវៀតណាម និងចិន។ នេះបើយោងតាមការលើកឡើងរបស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម។

ការនាំចូលដ៏ច្រើននេះ គឺបណ្តាលមកពីការផលិតក្នុងស្រុកមិនទាន់បានគ្រប់គ្រាន់ និងមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុកនៅឡើយ ហើយការនាំចូលនេះ ក៏ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផលិតក្នុងស្រុកផងដែរ ដោយសារជ្រូកចិញ្ចឹមរបស់កសិករ អាចមានតម្លៃទាបជាងទីផ្សារ។

លោក បានបន្ថែមទៀត កម្ពុជា នាំចូលជ្រូកប្រមាណ ៤លានក្បាលក្នុងមួយឆ្នាំ ជាពិសេសនាំចូលមកពីប្រទេសថៃ និងវៀតណាម ដើម្បីបំពេញតម្រូវការក្នុងស្រុក តែនេះក៏បញ្ហាដែលគំរាមកំហែងដល់សុខភាព និងសេដ្ឋកិច្ចជាតិផងដែរ។

គួររម្លឹកដែរថា កាលពីឆ្នាំ ២០១៦ កម្ពុជា បានកាប់សាច់សត្វជាង ១.៣លានក្បាល សម្រាប់ការប្រើប្រាស់ក្នុងជីវភាព រស់នៅប្រចាំថ្ងៃ៕

មតិយោបល់