ព័ត៌មានសេដ្ឋកិច្ច

កាន់កាត ATM តែមួយ ប្រើបានជាមួយគ្រប់ម៉ាស៊ីនទូទាំងប្រទេស ចាប់ផ្តើមជំហានដំបូង

ធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ ចែករំលែកកណ្តាល (Cambodian Shared Switch: CSS) ដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់កាត ATM អាចធ្វើប្រតិបត្តិការជាមួយម៉ាស៊ីន ATM របស់គ្រប់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកទាំងអស់ ទូទាំងប្រទេសកម្ពុជា។

ជាជំហានដំបូង គឺមាន ធនាគារអេស៊ីលីដា ធនាគារស្ថាបនា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានដាក់ឲ្យដំណើរការជាបឋមហើយ ដែលអនុញ្ញាតឲ្យ អតិថិជនធ្វើប្រតិបត្តិការអន្តរធនាគារតាមរយ: ប័ណ្ណទូទាត់លើម៉ាស៊ីន ATM និង POS របស់គ្រឹះស្ថានជាសមាជិក។

ប្រព័ន្ធ CSS ផ្តល់លទ្ធភាពដល់ អតិថិជនរបស់គ្រឹះស្ថានជាសមាជិក ក្នុងការធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវា ដកប្រាក់ ផ្ទេរប្រាក់អន្តរធនាគារ ពិនិត្យសមតុល្យគណនី និងរបាយការណ៍ហិរញ្ញវត្ថុសង្ខេប តាមម៉ាស៊ីន ATM ឬ POS របស់គ្រឹះស្ថានដែលជាសមាជិកប្រព័ន្ធ CSS។

ក្រៅពីគ្រឹះស្ថានទាំង ៣ខាងលើ នៅមានគ្រឹះស្ថានធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើផ្សេងទៀត បាននិងកំពុងដាក់ពាក្យសុំចូលជាសមាជិក ហើយគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ គ្រោងនឹងចូលរួមក្នុងប្រតិបត្តិការ ឲ្យបានមុនឆ្នាំ ២០១៨។

គួរបញ្ជាក់ដែរថា ម៉ាស៊ីនឆូតកាត POS សរុបនៅក្នុងវិស័យធនាគារ មានប្រមាណជិត ១ម៉ឺនគ្រឿង ខណ:ម៉ាស៊ីន ATM មានជាង ១ពាន់គ្រឿង គិតត្រឹមខែធ្នូ ឆ្នាំ ២០១៥ ហើយម៉ាស៊ីន ATM របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានប្រមាណ ៣០០គ្រឿងផងដែរ៕

មតិយោបល់