Post News Media ព័ត៌មានសេដ្ឋកិច្ច ក្រុមហ៊ុនចិន ...

ក្រុមហ៊ុនចិន នឹងវិនិយោគបន្ថែម ៧០០០លានដុល្លារ លើគម្រោង ៤ នៅកម្ពុជា

កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាការងារជាមួយ លោក Zhang Yuliang ប្រធានក្រុមហ៊ុន Greenland Holding Group និង លោក Cheng Risheng ប្រធានក្រុមហ៊ុន Henan Transport Investment Group អំពីគម្រោងវិនិយោគ នៅកម្ពុជា។

លោកប្រធានក្រុមហ៊ុនទាំងពីរ បានមានប្រសាសន៍ជម្រាបបញ្ជាក់ជូន សម្តេចតេជោ សារជាថ្មីចំពោះគោលបំណងវិនិយោគនៅប្រទេសកម្ពុជា ដើម្បីជួយជម្រុញការអភិវឌ្ឍស្របគ្នាទៅនឹង គោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង។

ក្រុមហ៊ុនទាំងពីរបានបញ្ជាក់ជូន សម្តេចតេជោ ក្នុងការបណ្តាក់ទុនវិនិយោគលើទឹកប្រាក់ ៧០០០លានដុល្លារអាមេរិក នៅកម្ពុជា លើវិស័យ ៤ គឺ

១.ការសាងសង់ផ្លូវល្បឿនលឿន

២.ការកសាងទីក្រុងរណប និងមជ្ឈមណ្ឌលសិក្សាធិការ និងវិជ្ជាជីវ:

៣.គម្រោងសំណង់អគារបម្រើវិស័យទេសចរណ៍ និងកន្លែងកំសាន្តខ្នាតអន្តរជាតិ

៤.ធនាគារវិនិយោគខ្នាតធំ។

កន្លងមក ក្រុមហ៊ុន Greenland Holding Group បានវិនិយោគលើវិស័យសំណង់ និងអចលទ្រព្យលើទឹកប្រាក់ ៥០០លានដុល្លារួចហើយ នៅកោះពេជ្រ ដែលនឹងបញ្ចប់នៅឆ្នាំ ២០១៨ខាងមុខ។

សម្តេច បានបញ្ជាក់សារជាថ្មីអំពី ភាពអនុគ្រោះរបស់កម្ពុជា ពោលគឺ ក្រុមហ៊ុនវិនិយោគបរទេស អាចប្រើប្រាស់ទុនខ្លួនឯង ១០០% ដោយមិនចាំបាច់មានដៃគូវិនិយោគក្នុងស្រុកឡើយ។

គួររម្លឹកថា គិតត្រឹមខែសីហា ឆ្នាំ ២០១៧នេះ ទំហំវិនិយោគរបស់ចិន នៅកម្ពុជា មានរហូតដល់ជាង ១៦ពាន់លានដុល្លារអាមេរិក៕

Loading...