ព័ត៌មានសេដ្ឋកិច្ច

បែកធ្លាយរឿងពុករលួយ ស៊ីសំណូកក្រោមតុ នៅការិយាល័យឃ្លាំងទំនិញ នៃសាខាគយ និងរដ្ឋាករអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ

(​ភ្នំពេញ​)​៖ មន្ត្រីគយប្រចាំច្រកទ្វា អន្តរជាតិភ្នំពេញ និងអ្នករត់ឯកសារ បានទម្លាយប្រាប់ Post News ថា មន្ត្រីអ្នកកាន់ការ នៅការិយាល័យឃ្លាំងទំនិញរបស់គយ នៅច្រកអន្តរជាតិភ្នំពេញ និងលោកប្រធានគយច្រកខាងលើនេះ បានឃុបខិតគ្នាជាចង្កោម ប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំង និងមានសកម្មភាពនេះ ជាយូមកហើយ មិនដែលឃើញមន្ត្រីនៃអង្គភាពប្រឆាំអំពើពុករលួយ ចុះអង្កេតនោះទេ ហើយលោកប្រធានទីចាត់ការគយ និងរដ្ឋាករ លោក គុណ ញឹម បានជ្រាបដែរ ឫអត់ទេ ហើយវារឹតតែធ្វើឱ្យមន្ត្រីគយនៅទីនោះ នៅតែប្រកាន់ទម្លាប់ ដែលកំពុង​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​ ទៅ​លើ​អ្នក​វិនិយោគទុន។

ប្រភពបានបញ្ជាក់ថា មន្ត្រីគយកាន់ការនៅការិយាល័យឃ្លាំងទំនិញរបស់គយ ច្រកខាងលើនេះ បានពុករលួយខ្លាំង ទៅលើទំនិញចេញចូល ជាពិសេស​ខាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ រោងចក្រ​វាយនភ័ណ្ឌ​នោះ ​ជាដើម​។ ប្រភពខាងលើបានប្រាប់ Post News ទៀតថា ក្រុមមន្ត្រីខាងលើនោះ ពូកែស៊ីគ្រប់ជុំពូកតែម្តង ដោយពួកមន្ត្រីទាំងនោះ ត​ម្រូវឲ្យ​មានការ​បង់ប្រាក់​ក្រោម​តុ​ ផ្ទុយ​ពី​អ្វី​ដែល​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ​បានកំណែទម្រង់​ លុប​បំបាត់​អំពើ​ពុក​រលួយ​  ជា​ពិសេស អនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល​ ដែលតែងតែបាន​ផ្តល់​កម្លាំងចិត្ត​ ដល់​អ្នក​វិនិយោគទុន​ ដើម្បី​ជា​អត្ថប្រយោជន៍​ សម្រាប់​សេដ្ឋកិច្ចជាតិ​ និង​ជា​ទុន​ដ៏​មាន​សារសំខាន់​ ស្រូប​កម្លាំង​ពលកម្ម​ក្នុងស្រុក ​ឲ្យ​ពលរដ្ឋ​មានការ​ងារ​ធ្វើ​ ទទួល​បាន​ប្រាក់​កម្រៃ​ សម្រាប់​លើក​ស្ទួយ​ ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។​

​ក្រុម​អ្នក​រត់ការ​ទំនិញ​វិនិយោគ ​បាន​លើក​ឡើង​ថា​ ការិយាល័យ​គយ​ និង​រដ្ឋាករ​អាកាសយានដ្ឋាន ​អន្តរជាតិ​ភ្នំពេញ​​ ប្រកបដោយ​អំពើ​ពុក​រលួយ ​ជា​លក្ខណ:​ប្រព័ន្ធ​ តាម​គ្រប់រូបភាព​ តម្រូវ​ឲ្យ​មានការ​បង់ប្រាក់​ សម្រាប់​ឯកសារ​ ប្រតិវេទន៍​គយ ​ក្នុង​មួយ​ឯកសារៗ​ ចាប់ពី ​៣៥​ដុល្លារ ​ទៅ ​៧៥​ដុល្លារ​ នេះ​គិត​សម្រាប់​តែ​ឯកសារ ​ដែល​គ្មាន​កំហុស​ ចុះឯកសារមានកំហុសតិចតួច មន្ត្រីគយនៅទីនោះ ស៊ីខ្លាំងប៉ុណ្ណា។​

​ក្រុម​អ្នក​រត់ការ ​បាន​លើក​ឡើង​ពី​ការិយាល័យ​គយ​ និង​រដ្ឋាករ​អាកាសយានដ្ឋាន​ អន្តរជាតិ​ភ្នំពេញ​ ដែល​មាន​លោក​ ហ៊ី​វ​ សុធា​រិ​ទ្ធ​ ជា​ប្រធាន​ និង​ជា​ទម្លាប់​ ដែល​គាត់​ឆ្លងកាត់​នូវ​អំពើ​ពុក​រលួយ ​យ៉ាង​ឆ្អឹ​ន​ឆ្អៅ​ នៅ​កំពង់​ផៃ​ស្វយ័ត​ភ្នំពេញ​ ក៏​បន្ត​ប្រព្រឹត្ត​កំហុស​បែប​នេះ​ ដដែល​ៗ។​ ប្រភព បានបញ្ជាក់ថា យ៉ាងតិច​ក្នុង​ ១​ឯកសារ ​សម្រាប់​ទំនិញ​វិនិយោគ​នាំ​ចូល​ ត្រូវ​បង់ប្រាក់​ចំនួន ​៧៥​ដុល្លារ​ ក្នុង​នោះ​ អ្នក​រត់ការ​ ត្រូវ​បង្ខំចិត្ត​បង់ប្រាក់​ទៅឲ្យ​កូនចៅ​លោក​ ហ៊ី​វ​ សុធា​រិ​ទ្ធ​ ជា​មន្ត្រី​គយ​ទទួល​ផ្នែក​នីមួយៗ ​ដូច​ខាងក្រោម​៖​ ទី​១​ ត្រូវ​បង់​ចំនួន ​៥​ដុល្លារ ​សម្រាប់​មន្ត្រី​គយ​ទទួល​ផែន​ផ្នែក​ចុះ​លេខ​ (​ឈ្មោះ​ធឿ​ន​)​ ទី​២​ បង់ប្រាក់​ចំនួន ​២០​ដុល្លារ សម្រាប់​គណនេយ្យ​ (​ឈ្នោះ​ សា​រាន់​)​ ទី​៣​ បង់ប្រាក់​ចំនួន ​១០​ដុល្លារ​ សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​ និង​ចំនួន​ ១០​ដុល្លារ​ទៀត ​ផ្នែក​កូនចៅ​មន្ត្រី​គយខាង​ពិនិត្យ​ ទី​៤​ បង់ប្រាក់​ចំនួន​ ២០​ដុល្លារ ​សម្រាប់​មន្ត្រី​គយ​​ផ្នែក​កាត់​ស្តុក​ បញ្ចុះ​ឯកសារ​ និង​ទី​៥​ ត្រូវ​បង់​ឲ្យ​អនុប្រធាន​ការិយាល័យ​ ជា​កិច្ច​បង្ហើយឯកសារ​ ចំនួន​ ៥​ដុល្លារ​ ។​ ដោយឡែក ​ចំពោះ​ទំនិញ​វិនិយោគ​នាំ​ចេញ​ ក្នុង​មួយ​ឯកសារ​ចំនួន​ ៣៥​ដុល្លារ​។​

​អំពើ​ពុក​រលួយ​នេះ​ គាបសង្កត់​ទាំង​ឯកសារ​ស្របច្បាប់​របស់​ផ្នែក​ទំនិញ​វិនិយោគ​ ឧស្សាហកម្ម​វេ​យ​ន​ភ័​ណ្ឌ​ រោង​ច្រក​កាត់ដេរ​ ដោយ​ករណី​ខ្លះ​ លោក​ ហ៊ី​វ​ សុធា​រិ​ទ្ធ​ បាន​តម្រូវ​ឲ្យ​មន្ត្រី​របស់​ខ្លួន​ កេងប្រវ័ញ្ច​ក្នុង​ប្រយោជន៍​ ទៅ​លើ​ឯកសារ​ខុស​បច្ចេកទេស​តិចតួច​ ឬ​កិច្ច​ការងារ​ប្រញាប់​ ត្រូវ​ទាញ​យក​ប្រយោជន៍​លក្ខណ:​ក្រោម​តុ​ កាន់តែ​ច្រើន​ និង​ចង់ទៅ​ស៊ី​ញ៉េ​កន្លែង​ណា ​ក៏​បាន​។ ទ​ង្វើ​ទាំង​អស់នេះ​ កំពុង​តែ​ជះ​ឥទ្ធិពល​អាក្រក់​ ប៉ះពាល់​ដល់​ថ្នាក់លើ​ ក៏​ដូច​ជា​សង្គម​ជាតិ​ ជា​ពិសេស​ប៉ះពាល់​ទៅ​នឹង​អារម្មណ៍​យ៉ាង​ធ្ងន់​ ចំពោះ​អ្នក​វិនិយោគទុន​។​

​ពាក់ព័ន្ធ​ករណី​គយច្រកទ្វារ អន្តរជាតិ ប្រព្រឹត្តអំពើពុករលួយនេះ Post News មិន​អាច​ទាក់ទង​បាន​ទេពី​លោក​ ហ៊ី​វ​ សុធា​រិ​ទ្ធ​ ប្រធាន​ការិយាល័យ​គយ​ និង​រដ្ឋាករ​អាកាសយានដ្ឋាន​ អន្តរជាតិ​ភ្នំពេញ​៕

មតិយោបល់