ព័ត៌មានសេដ្ឋកិច្ច

តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ត្រូវមានគំរូកំណើនសេដ្ឋកិច្ចថ្មី ដើម្បីសម្រេចកំណើនប្រកបដោយបរិយាប័ន្ន

របាយការណ៍​ថ្មី​មួយ​របស់​ធនា​គារ​ពិភពលោក​និយាយ​ថា បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វ៊ិកដែល​កំពុង​​អភិវឌ្ឍន៍ – ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​​ទទួល​​ជោគ​ជ័យ​ខ្លាំងនៅ​លើ​ពិភពលោក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ក្នុង​ការ​កែ​លម្អ​ស្តង់​ដា​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ជាន – ចាំ​បាច់​ត្រូវ​ប្តូរទិស​ដៅ​ទៅរក ​គំរូកំណើន​សេដ្ឋ​កិច្ច​ថ្មី​មួយ​ទៀត ប្រសិន​បើ​គេ​​ប្រា​ថ្នា​ចង់​សម្រេច​ឲ្យ​បាន​កំណើនសេដ្ឋ​កិច្ច​​ប្រកប​ដោយ​បរិយាប័ន្ន ​ទៅ​ថ្ងៃ​មុខ។

របាយការណ៍​ដែលមាន​ចំណង​ជើង​ថា Riding the Wave: An East Asian Miracle for the 21st Century (ផលចំណេញពីភាពចម្រុង​ចម្រើនបច្ចុប្បន្ន៖ អព្ភូតហេតុ​តំបន់​អាស៊ី​បូព៌ា​​សម្រាប់​សតវត្សរ៍ទី២១) និយាយ​ថា កំណើន​​​មាន​លក្ខណ:​បរិយាប័ន្ន – គឺ​កំណើន​ដែល​កាត់​បន្ថយ​ភាព​ក្រីក្រ​ហើយបង្ក​លក្ខណ:​ឲ្យ​មាន​ចល័ត​​ភាព​ឈាន​ឡើង និង​ធានា​ឲ្យ​មាន​សន្តិសុខ​ផ្នែក​សេដ្ឋ​កិច្ច​សម្រាប់​ជន​គ្រប់​រូប – នឹង​តម្រូវ​ឲ្យ​ប្រទេស​ទាំង​អស់​ប្រឹង​ប្រែង​ឲ្យ​ទៅ​ហួស​ពី​គំរូ​«កំណើន​មាន​វិ​សមធម៌»។

ទស្សន:វិស័យ​សម្រាប់ចល័តភាពឈានឡើងត្រូវបានគេមើលឃើញថាហាក់មានការកើនឡើងមិនទៀតទាត់ ដែលឆ្លុះបញ្ចាំងនូវអារម្មណ៍មួយថា ប្រាក់​​ចំណូល​និង​ទ្រព្យ​កាន់​តែ​មាន​លក្ខណ:​ប្រមូល​ផ្តុំ ហើយ​លទ្ធ​ភាព​ទទួល​បាន​សេវា​ជា​មូល​ដ្ឋាន​បន្តនៅ​មាន​កម្រិត​ ហើយ​តែង​​តែ​មាន​គុណ​ភាព​អន់​ទៀតផង។

ការ​សម្រេច​ឲ្យ​បាន​សន្តិសុខ​ផ្នែក​សេដ្ឋ​កិច្ច​សម្រាប់​ជន​គ្រប់​រូប​ក៏​កាន់​តែ​លំបាក​ខ្លាំង​ឡើង​ដែរ ជា​ពិសេស​​សម្រាប់​តំបន់​មួយ​ដែល​កំពុង​តែ​ប្រឈម​ជាមួយ​នឹង​បញ្ហា​ថ្មី​ៗ​ច្រើន ក្នុង​នោះ​មាន ជរា​ភាព​កាន់​តែ​លឿន​ ​ ​ទស្សន:វិស័យ​កំណើន​កាន់​តែមាន​ភាព​មិន​ប្រាកដ​ប្រជា ហើយ​និងការរីក​ដុះ​ដាល​​​របស់​ទី​ប្រជុំ​ជន​កាន់​តែ​ធំ​ឡើងៗ។

តំបន់​នេះ ​បាន​ប្រែ​ក្លាយ​ពី​តំបន់មួយ​ដែល​សម្បូរ​ភាគ​ច្រើន​ជាប្រទេស​ក្រី​ក្រ​ នៅ​ក្នុង​ទស​វត្សរ៍​ឆ្នាំ ​១៩៨០ ទៅ​ជា​សំណុំ​ប្រទេស​​​មាន​ចំណូល​មធ្យម ដែល​ក្នុង​នោះ​មាន​ទិដ្ឋ​ភាព​វណ្ណ:​សេដ្ឋ​កិច្ចចម្រុះ។ គិត​មក​ត្រឹម​ឆ្នាំ ​២០១៥ ជិត​ពីរ​ភាគ​បី​នៃ​ប្រជាជន​ក្នុង​តំបន់ គឺ​ជា​អ្នក​​រស់​ក្នុង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​មាន​សន្តិសុខ ឬ​ជា​ជន​វណ្ណ:កណ្តាល គឺកើនឡើងពី ២០% នៅ​ក្នុង​ឆ្នាំ ​២០០២។

ភាគ​ចំណែក​​នៃ​​ចំនួន​ជន​ក្រី​ក្រ​តោក​យ៉ាក ឬ ជន​ក្រី​ក្រ​ល្មម បាន​ធ្លាក់​ចុះ​យ៉ាង​សន្ធឹក​សន្ធាប់ គឺ​ពី​ចំនួន​ជិត​ពាក់​កណ្តាល​នៃ​ប្រជា​ជនសរុប​ក្នុង​ឆ្នាំ​ ២០០២ មក​នៅត្រឹម​លើ​មួយ​ភាគ​ប្រាំ​បីបន្តិច​ក្នុង​ឆ្នាំ ​២០១៥។

ប៉ុន្តែ ចំនួន​ភាគ​រយ​​នៃ​​បុគ្គល​ដែ​លងាយ​រង​គ្រោះ​ធ្លាក់​ចូល​​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ – គឺ​អ្នក​ទាំង​ឡាយ​ដែល​រស់បាន​​ដោយសារ​ចំណូល​ត្រឹម​ពី​ US$3.10 ទៅ US$5.10 ក្នុង​មួយ​ថ្ងៃ – នៅ​តែ​ដដែល​​ រវាង​ឆ្នាំ​២០០២ និង​ឆ្នាំ​២០១៥ គឺ​ប្រហែល​មួយ​ភាគ​បួន​នៃ​ប្រជា​ជន​សរុប។

គោល​នយោបាយ​ដែលមានលក្ខណ:​​ប្លែក​ជាង​បច្ចុប្បន្ន​បន្តិច ​សម្រាប់ធ្វើ​​ឲ្យ​មាន​កំណើត​សេដ្ឋ​កិច្ចប្រកប​ដោយ​បរិយាប័ន្ន អាច​ជួយ​លៃ​លក​ដោះ​ស្រាយ​ឧបសគ្គ​ដែល​វណ្ណ:​សេដ្ឋ​កិច្ច​ផ្សេងៗ​គ្នា​កំពុង​ជួប​ប្រទះ។ គោល​នយោបាយ​សម្រាប់​ជន​ក្រី​ក្រ​តោក​យ៉ាក​​នៅ​សេស​សល់ ដែល​កាត់​បន្ថយ​របារ​ឧបសគ្គ​ដល់​ឱ​កាស​សេដ្ឋ​កិច្ច ក៏​ដូច​ជា​ការ​រក្សា​ឲ្យ​បាននូវ​កំណើន​មាន​មូលដ្ឋាន​ទូលំទូលាយ អាច​ជួយ​ពួក​គេ​ឲ្យឈាន​​​​ឡើង​កាំ​ជណ្តើរប្រាក់​ចំណូល​​បាន​ខ្ពស់​ជាង​បច្ចុប្បន្ន។ ការ​បង្កើន​លទ្ធ​ភាព​ទទួល​បាន​សេវា​សា​ធារ​ណ: មាន​​សេវា​ថែ​ទាំ​សុខ​ភាពនិង​ហេដ្ឋា​រចនា​សម្ព័ន្ធជា​ដើម​ ក៏​ដូច​ជា​យន្ត​ការ​នានា​សម្រាប់​គ្រប់​គ្រង​ហានិភ័យផង​ដែរ នឹង​ជួយ​ដល់ជន​ងាយ​រង​គ្រោះ​ផ្នែក​សេដ្ឋ​កិច្ច។ អ្វី​ជា​អាទិភាព​សម្រាប់​​អ្នក​​រស់​ក្នុង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​មាន​សន្តិសុខ និង​ ជន​វណ្ណ:​កណ្តាល គឺ​ការ​កែលម្អ​ការ​ផ្តល់​សេវាសា​ធារណ:​​និង​គុណភាព​​របស់​វា ដូច​ជា​លំនៅ​ដ្ឋាន ទឹក និង​អនាម័យ។

​សសរស្តម្ភ​​​សម្រាប់​ទ្រទ្រង់​​របៀប​វារ:នេះមាន​​បី គឺ ជំរុញ​​ចល័ត​ភាព​ផ្នែក​​​សេដ្ឋ​កិច្ចឲ្យ​កាន់​តែ​រីក​ចម្រើន​ គឺទាមទារឲ្យមានការបិតផ្ជិតនៃគម្លាតក្នុងការទទួលការងារនិងសេវាកម្ម  ការបង្កើន​គុណភាព​ការងារ និង​ការ​លើក​កម្ពស់​បរិយាប័ន្ន​ផ្នែក​ហិរញ្ញ​វត្ថុ ។ សសរស្តម្ភទី២ គឺការផ្តល់សន្តិសុខសេដ្ឋកិច្ចឲ្យច្រើនជាមុន ដោយរួមទាំងការ​ពង្រឹង​ប្រព័ន្ធ​ជំនួយ​ផ្នែក​សង្គម ការ​ពង្រីក​ការ​ធានា​រ៉ាប់​រង​ផ្នែក​សង្គម​ និង​ការ​បង្កើន​ភាពរឹងមាំទប់​​នឹង​វិបត្តិ​នានា ។ ការពង្រឹងស្ថាប័នគឺជាសសរស្តម្ភទី៣ ដោយរួមទាំងការធ្វើឲ្យប្រសើរនៃគោលនយោបាយពន្ធ ដើម្បី​ពង្រីក​ធន​ធាន និងការលើកកម្ពស់​ប្រសិទ្ធ​ភាពកម្មវិធី​ចំណាយ​ប្រក​ប​ដោយ​បរិយាប័ន្ន​។ ការ​គ្រប់​គ្រង​បានកាន់​តែ​ល្អ​លើ​​ជរា​ភាព​ឆាប់​រហ័ស និង លើ​ការ​រីក​ដុះ​ដាល​របស់​​ទី​ប្រជុំជន ព្រម​ទាំង​ការ​ពង្រីក​ភាព​ប្រកួត​ប្រជែង ក៏​នឹង​ជួយ​ដល់​របៀប​វារ:នេះដែរ៕

 

មតិយោបល់