ព័ត៌មានសេដ្ឋកិច្ច

ធនាគារជាតិ មិនទទួលស្គាល់លុយឌីជីថល ឬកាក់ឌីជីថល និងព្រមានឲ្យប្រុងប្រយ័ត្នខ្ពស់

កាលពីម្សិលមិញនេះ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា មិនបានទទួលស្គាល់ លុយឌីជីថល ឬកាក់ឌីជីថល ដែលបង្កើតកំពុងល្បីល្បាញនៅលើបណ្តាញសង្គមនោះទេ។

បន្ថែមពីលើនេះ លោកស្រី ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីឆបោក ដែលចេញពីការចាយលុយឌីជីថល ឬហៅថា Cryptocurrency។

ថ្មីៗនេះ ក៏មានបណ្តាញអ្នកដើរផ្សព្វផ្សាយដើម្បីជម្រុញឲ្យអ្នកលក់ដូរ ប្រើប្រាស់លុយឌីជីថលនេះ ក្នុងការទូទាត់ជំនួសឲ្យសាច់ប្រាក់ធម្មតា ហើយអះអាងថា អាចយកកាក់នោះទៅដូរ យកសាច់ប្រាក់នៅធនាគារមួយចំនួនបាន តែនេះពុំមែនជាការពិតនោះទេ។

ធនាគារជាតិ ពុំទាន់បានទទួលស្គាល់ ប្រភេទលុយឌីជីថល ឬកាក់ឌីជីថលនេះ​ទេ ហើយក៏បានណែនាំដល់ ធនាគារពាណិជ្ជទាំងអស់ មិនឲ្យធនាគារធ្វើប្រតិបត្តិណាមួយ ទាក់ទងជាមួយ Cryptocurrency នេះដែរ ព្រោះវាមានហានិភ័យខ្ពស់ ដែលពុំទាន់បានសិក្សាច្បាស់នៅឡើយ។

ជាចុងក្រោយ ធនាគារជាតិ នឹងចាត់វិធានការក្នុងពេលឆាប់ៗនេះ ដើម្បីទប់ស្កាត់ និងការពារហានិភ័យ ដែលអាចកើតមានដោយសារ លុយឌីជីថលនេះ៕

មតិយោបល់