ព័ត៌មានសេដ្ឋកិច្ច

ម្ចាស់ដីឡូតិ៍នៅខេត្តកែប សូមរួសរាន់កាប់ឆ្ការព្រៃក្នុងដីរបស់ខ្លួន ត្រៀមទទួលបុណ្យសមុទ្រ

កាលពីម្សិលមិញនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាលខេត្តកែប បានអំពាវនាវយ៉ាងទទូចដល់ ម្ចាស់ដីឡូតិ៍ដែលមានដីនៅខេត្តកែប សូមរួសរាន់មកកាប់ឆ្ការព្រៃក្នុងដីឡូតិ៍របស់ខ្លួនឲ្យបានស្អាត មុនពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ខាងមុខ។

ការអំពាវនាវយ៉ាងដូច្នេះ ដោយសារការងារសំអាតនេះ គឺជាការចូលរួមចំណែកក្នុងការលើកតម្កើងសោភ័ណភាព និងរួមចំណែក្នុងថែរក្សាសន្តិសុខក្នុង ទីក្រុងកែបនោះផងដែរ។

គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រ លើកទី៦ (ជុំទី២) នៅខេត្តកែប ឆ្នាំ២០១៧នេះ នឹងប្រារព្ធឡើងរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែធ្នូ ខាងមុខ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគតគឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍ សម្រាប់ការអភិវឌ្ឍ» ដែលពិធីបើកដំណើរការពិធីបុណ្យសមុទ្រជាផ្លូវការ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៧។

លោក កែន សត្ថា បានបញ្ជាក់ថា បច្ចុប្បន្ន ដីឡូតិ៍ក្នុងខេត្តកែប ដែលជាកម្មសិទ្ធិឯកជនមានប្រមាណ ៣ពាន់ឡូតិ៍ ប៉ុន្តែដីឡូតិ៍ដែលមានការអភិវឌ្ឍមានតែប្រមាណជាង ៥០០ឡូតិ៍ប៉ុណ្ណោះ ដូច្នេះតាមរយ:ការអំពាវនាវនេះ សូមម្ចាស់ដីឡូតិ៍ទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរក្នុងការរៀបចំ​ការងារនេះ។

ខេត្តកែប ត្រូវតែជាខេត្តគំរូ ក្នុងការចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អនិងបដិសណ្ឋារកិច្ចល្អ» ពិសេសគំរូក្នុងការបញ្ឈប់ការបោះចោលសំរាម ជាក្រដាសចោលក្រោមតុនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន។

សូមជម្រាបថា ក្នុងពិធីបុណ្យសមុទ្រលើកទី៥ នៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្ត ប្រមាណជាង ៥០ម៉ឺននាក់៕

មតិយោបល់