ព័ត៌មានសេដ្ឋកិច្ច

ចិន គ្រោងបង្កើតតំបន់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ នៅក្រុងកំពត

កាលពីម្សិលមិញនេះ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានទទួលជួបប្រតិភូមកពីបណ្ឌិតសភាវិទ្យាសាស្ត្រចិន ដឹកនាំដោយលោកបណ្ឌិត Wang Dongsheng ស្តីពីគម្រោងការបង្កើតតំបន់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់កម្ពុជា ដែលបានកំណត់យកទីតាំងនៅក្នុងក្រុងកំពត ខេត្តកំពត។
លោកបណ្ឌិត Wang Dongsheng បានបញ្ជាក់ថា តម្រូវការផ្ទៃដី សាងសង់រោងចក្រ គឺពី ៥០០ ទៅ ៦០០ហិកតា ដើម្បីសាងសង់បណ្តុំរោងចក្រមួយចំនួនមានដូចជា៖ រោងចក្រផលិតទឹកស្អាត និងឧបករណ៌បរិស្ថាន រោងចក្រផលិតអាលុយមីញ៉ូម ដែលជាធាតុផ្សំសំរាប់ផលិតជាវត្ថុធាតុដើម បម្រើឲ្យការផលិតទឹកស្អាត សួនឧស្សាហកម្មគីមី រោងចក្រថ្នាំពេទ្យ សាលា ឬវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាជាន់ខ្ពស់ និងសកលវិទ្យាល័យជាដើម។

លោក ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ ចំពោះគម្រោងដ៏ធំនេះនៅខេត្តកំពត តែបើខ្វះទីតាំង លោកបានណែនាំឲ្យពិនិត្យលទ្ធភាព នៅខេត្តកំពង់ស្ពឺ និងជាពិសេស នៅខេត្តព្រះសីហនុ ដែលជាខេត្ត ត្រូវបានរាជរដ្ឋាភិបាលកំណត់ជា តំបន់សេដ្ឋកិច្ចពិសេសពហុបំណង ក្នុងខេត្តទាំងមូល ពីព្រោះជាខេត្តមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ មានបណ្តាញផ្លូវគោក ផែទឹកជ្រៅ ផ្លូវរថភ្លើង និងព្រលានយន្តហោះ។

ដោយសារ កម្ពុជា មានតម្រូវការ ផ្នែកវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត គឺ ប៉ូលីអាលុយមីញ៉ូមក្លរ៉ៃ ហៅកាត់ថា ភីអេស៊ី (PAC) លោក ចម ប្រសិទ្ធ បានស្នើឲ្យក្រុមហ៊ុនពិនិត្យ លទ្ធភាពកសាង រោងចក្រផលិតជាតិ PAC ដែលជាសារធាតុម៉្យាងសម្រាប់ចាប់កករក្នុងទឹក នៅទីតាំងផ្ទៃដី របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្ថិតក្នុងភូមិព្រែកតាសេក ជាយរាជធានីភ្នំពេញ៕

មតិយោបល់