ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ទទួលបានជំនួយ កូនស្វាយចន្ទីពូជ ចំនួន ១លានកូន តម្លៃ១៥០០លានដុង

កម្ពុជា ទទួលបានជំនួយជា កូនស្វាយចន្ទីពូជ ចំនួន ១លានកូន ដែលមានតម្លៃ ១៥០០លានដុង (ប្រមាណ ៧០ម៉ឺនដុល្លារអាមេរិក) ពី សមាគមស្វាយចន្ទីវៀតណាម ដើម្បីជាជំនួយ កសាងបង្កើនផលិតភាពផលិតកម្មដំណាំស្វាយចន្ទីនៅកម្ពុជា សម្រាប់រយ:ពេល ៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ តទៅ។ នេះបើយោងតាមការឲ្យដឹងពី លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងកិច្ចប្រជុំជាមួយនឹង សមាគមន៍ស្វាយចន្ទីវៀតណាម។

ក្នុងគោលបំណងធានាផលប្រយោជន៍ និងលើកទឹកកសិករដាំស្វាយចន្ទីកម្ពុជា ពិសេសយុទ្ធសាស្ត្រឈ្នះៗរវាងអ្នកដាំ និងពាណិជ្ជករក្នុងដំណាំស្វាយចន្ទី លោក ហ៊ាន វណ្ណហន បានលើកស្នើ សកម្មភាពយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ សម្រាប់អង្គសិក្ខាសាលាពិភាក្សា និងអនុម័តដូចខាងក្រោម÷
១.ជម្រុញបង្កើនផលិតភាពដំណាំស្វាយចន្ទីកម្ពុជា (ភាគីវៀតណាម ផ្តល់ជំនួយកសាងសមត្ថភាព រាប់ទាំងពូជទិន្នផលខ្ពស់ដល់កម្ពុជា)
២.សម្របសម្រួលការប្រមូលទិញស្វាយចន្ទីនៅកម្ពុជា ( ចងក្រងសហភាពសហគមន៍ស្វាយចន្ទី និងផលិតកម្មតាមកិច្ចសន្យា)។
៣.សម្របសម្រួលការដឹកជញ្ជូន និងនីតិវិធីនាំចេញស្វាយចន្ទីកម្ពុជា (កាត់បន្ថយនិតិវិធីមិនចាំបាច់ បំបាត់កុងត្រូលជជុះ)

ជាការឆ្លើយតប លោក NGUYEN DUC THANH ប្រធានសមាគមចន្ទីវៀតណាម បានសម្ដែងការឯកភាព និងគាំទ្រយ៉ាងខ្លាំង និងបានស្នើសុំភាគីកម្ពុជា ដូចខាងក្រោម៖

១.ស្នើបង្កើតក្រុមការងារសិក្សា ជួយជម្រុញការអភិវឌ្ឍស្វាយចន្ទីកម្ពុជា ដើម្បីសម្របសម្រួលសហការជាមួយក្រុមការងារសិក្សា ជួយជម្រុញការអភិវឌ្ឍស្វាយចន្ទីវៀតណាម។

២.សមាគមស្វាយចន្ទីវៀតណាមសន្យាជួយគាំទ្របច្ចេកទេស និងពូជដល់ភាគីកម្ពុជាក្នុងពេលឆាប់ៗនេះ។

៣.សមាគមស្វាយចន្ទីវៀតណាម សន្យាប្រមូលទិញស្វាយចន្ទីទាំងអស់ដែលកម្ពុជាផលិតបាន។

៥.ស្នើសុំភាគីកម្ពុជា សិក្សាខេត្តសក្ដានុពលសម្រាប់ដំណាំស្វាយចន្ទី ដើម្បីឲ្យក្រុមបច្ចេកទេសវៀតណាមអាចរៀបចំ ដំណើរការចម្ការសាកល្បង ឬចម្ការគំរូ បង្ហាញដល់កសិករក្នុងតំបន់នៅកម្ពុជាលើគម្រោងអភិវឌ្ឍស្វាយចន្ទី។

៥.សមាគមស្វាយចន្ទីវៀតណាម នឹងរៀបចំសំណើរទៅរដ្ឋាភិបាលហានូយ រៀបចំប្រជុំក្រុមការងារនៅវៀតណាម ដើម្បីត្រៀមប្រមូលទិញ សម្រាប់រដូវប្រមូលខាងមុខឆាប់ៗនេះ។

គួរជម្រាបថា ពូជស្វាយចន្ទីរបស់កម្ពុជា ដែលដាំមុនឆ្នាំ ២០០៥ ពិតជាមានគុណភាពល្អ ក្លិនឈ្ងុយឆ្ងាញ់ ដោយឡែកពូជថ្មីជាច្រើនបាននាំចូលមកដាំ ជាដំបូងនៅស្គន់ ក្រោយឆ្នាំ២០០៥ ផ្តល់ផលគ្រាប់ធំ តែដំបូង ក្រោយមក ក៏ធ្លាក់ចុះតូច មិនស្មើទំហំ គ្មានរសជាតិ មិនឈ្ងុយ និងគ្មានតំលៃទីផ្សារ ដែលពូជទាំងនោះ បានបន្តរីកសាយភាយ លើផ្ទៃដីដ៏ធំក្នុងប្រទេសកម្ពុជា៕

មតិយោបល់