Post News Media ព័ត៌មានសេដ្ឋកិច្ច រាជធានីភ្នំពេ...

រាជធានីភ្នំពេញ ជាប់ជា រាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក

រាជធានីភ្នំពេញ បានជាប់ជ័យលាភីជា «រាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក» «World Capital of Culture and Tourism» ផ្តល់ជូនដោយ សំណាក់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប។

លោកបណ្ឌិត Mircea Constantinescu ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប បានមានប្រសាសន៍ថា ការចុះបញ្ជីរាជធានីភ្នំពេញ ជារាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក គឺបានយកចេញពី ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសមិទ្ធផលមិនគួរឲ្យជឿនៃ រយ:ពេល ៣០ឆ្នាំចុងក្រោយ ក្នុងកម្មវិធីការពារវប្បធម៌ និងបេតិកភណ្ឌ ការធានាការអភិរក្ស អភិវឌ្ឍន៍ និងការលើកកម្ពស់សាសនា ប្រពៃណី និងទំនៀមទម្លាប់ផ្សេងៗទៀត។

រាជធានីភ្នំពេញ កំពុងបង្ហាញនូវកិត្តិស័ព្ទ និងលក្ខណ:ពិសេសរបស់ខ្លួនតាមរយ: ទេសភាពនៃវប្បធម៌ ប្រកបដោយភាពចម្រុះគ្នា ដែលមានលាយឡំដោយធនធានធម្មជាតិ និងវប្បធម៌។

រាជធានីភ្នំពេញ គឺជាតំបន់ដ៏វិសេសវិសាលមួយ ដែលរួមបញ្ចូលនូវបរិបទធម្មជាតិ ដែលជាចំណុចប្រសព្វនៃទន្លេទាំងបី គឺទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ដែលជាទន្លេតែមួយគត់លើពិភពលោក ដែលហូរឡើងទៅលើ (ហូរបញ្ច្រាស) រយ:ពេល ៦ខែ ក្នុងមួយឆ្នាំ។

ទេសភាពធម្មជាតិដ៏ល្អឥតខ្ចោះនេះ បានក្លាយទៅជាទីកន្លែងវប្បធម៌ដ៏មានភាពសម្បូរបែបមួយ ដែលរួមបញ្ចូលទាំងសាសនា និងកេរ្តិ៍ដំណែលបេតិកភណ្ឌជាតិដូចជា វត្តឧណ្ណាលោម ដែលមានទីសក្ការ:បូជា សម្រាប់ឧទ្ទិសបូជាដល់ព្រះពុទ្ធសាសនា ហើយចាត់ទុកថា ជាទីអាសន:នៃព្រះពុទ្ធសាសនាកម្ពុជា និងបានប្រារព្ធពិធីបុណ្យជារៀងរាល់ឆ្នាំ ក្រៅពីនោះ រាជធានីភ្នំពេញក៏មានកន្លែងគោរពសាសនាផ្សេងៗ ជាច្រើនទៀតផងដែរ៕

Loading...