Post News Media ព័ត៌មានសេដ្ឋកិច្ច ក្រុមហ៊ុនចិន ...

ក្រុមហ៊ុនចិន MCC គ្រោងវិនិយោគលើកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

ក្រុមហ៊ុន MCC មកពីប្រទេសចិន គ្រោងវិនិយោគលើកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសស្ទឹងហាវ នៅខេត្តព្រះសីហនុ ដោយសហការជាមួយ លោកជំទាវ លឹម ឈីវហូរ។

លោក Zhang Mengxing ប្រធានក្រុមហ៊ុន MCC ចូលជួបសម្ដែងការគួរសម និងជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុន MCC គឺជាក្រុមហ៊ុនរបស់រដ្ឋ ហើយក្នុងរយ:ពេល ៨ឆ្នាំចុងក្រោយនេះ គឺជាប់ចំណាត់ថ្នាក់ ក្នុងចំណោមក្រុមហ៊ុនទាំង ៥០០ នៅលើពិភពលោក ដែលមានជំនាញខាងផលិតលោហ:ធាតុ ហើយនៅក្នុងប្រទេសចិន អាចសនិដ្ឋានបានថា ជាក្រុមហ៊ុនលេខ ១ ដែលនៅពេលនេះបានផ្គត់ផ្គង់លោហ:ធាតុប្រមាណ ៦០ភាគរយ ទៅទូទាំងពិភពលោក។

ជាងនេះទៀត ក្រុមហ៊ុនក៏មានបទពិសោធន៍ខាងគូសប្លង់ សាងសង់ទីក្រុងរណប និងមានជំនាញខាងបច្ចេកវិទ្យាថ្មីៗផងដែរ។

លោកបានបន្តថា នៅពេលនេះក្រុមហ៊ុន មានវត្តមានសាខានៅប្រទេសចំនួន ៥៤ហើយ ក្រុមហ៊ុនMCCនេះបានយកចិត្តទុកដាក់យ៉ាងខ្លាំងនៅលើទីផ្សារកម្ពុជា ដែលបច្ចុប្បន្នក្រុមហ៊ុនមានគម្រោងចំនួន ១៦ហើយ ដែលមានទឹកប្រាក់ប្រមាណ ២៦០លានដុល្លារអាមេរិក។

លោក Zhang បានបន្ថែមទៀតថា ពេលនេះក្រុមហ៊ុនរបស់លោក កំពុងតែសហការជាមួយលោកជំទាវ លឹម ឈីវហូរ បានធ្វើការសិក្សា និងជម្រុញកិច្ចសហប្រតិបត្តិការទៅលើ ការសាងសង់កំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសនៅស្ទឹងហាវ និងរៀបចំជម្រុញឲ្យនាវា ឬកប៉ាល់ដែលមានចំណុះប្រមាណ ៥០,០០០តោន អាចចូលចតបាន។

លោក Zhang​ ក៏បានស្នើសុំសម្ដេចតេជោ ក៏ដូចជារាជរដ្ឋភិបាលកម្ពុជា ពិចារណាគាំទ្រនូវគម្រោង វិនិយោគរបស់របស់ក្រុមហ៊ុន និងស្នើសុំឲ្យមានការរៀបចំក្រុមប្រឹក្សា អ្នកបច្ចេកទេសមួយ ដើម្បីធ្វើយ៉ាងណាចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា លើវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ នេះផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ បានស្វាគមន៍ចំពោះគម្រោងវិនិយោគកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគឺមានបំណងធ្វើឲ្យតំបន់មាត់សមុទ្រកម្ពុជា ក្លាយជាតំបន់អភិវឌ្ឍន៍កម្រិតខ្ពស់ និងទាក់ទាញវិនិយោគផងដែរ៕

Loading...