Post News Media ព័ត៌មានសេដ្ឋកិច្ច ក្រុមហ៊ុនកូរ៉...

ក្រុមហ៊ុនកូរ៉េ គ្រោងបង្កើតសួនបច្ចេកវិទ្យាទំនើប នៅកម្ពុជា

កាលពីពេលថ្មីៗនេះ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជួបជាមួយប្រតិភូក្រុមហ៊ុនបច្ចេកវិទ្យាមកពីកូរ៉េ ដែលចាប់អារម្មណ៍ទីផ្សារនៅកម្ពុជា រួមមានក្រុមហ៊ុន Nuri-Elecom ដឹកនាំដោយលោក Kim young Kwon និងក្រុមហ៊ុន ALLIX ដឹកនាំដោយលោក Lonnie An ដែលក្រុមហ៊ុនទាំងពីរនេះ មានកម្មវត្ថុអាជីវកម្ម ដូចជា៖-ផ្នែកថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យ -ផ្នែកទូរគមនាគមន៍ -ផ្នែកផលិតLED និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន ជាដើម ។

កាលពីពាក់កណ្តាល ខែតុលា កន្លងទៅនេះ ក៏មានការចុះអនុស្សារណ:យោគយល់គ្នារវាង តំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយនាយកសួនបច្ចេកវិទ្យា Gwangju និងសួនបច្ចេកវិទ្យា Jeonbuk នៅសាធារណរដ្ឋកូរ៉េ ដែលសួនបច្ចេកវិទ្យាទាំងពីរ ត្រៀមនឹងបញ្ជូនក្រុមហ៊ុនបច្ចេកវិទ្យាជាបន្តបន្ទាប់ មកសិក្សាពីសក្តានុពល និងទីផ្សារវិនិយោគនៅកម្ពុជា ។

ដោយឡែក ក្រសួងឧស្សាហកម្មកូរ៉េ ក៏បានគាំទ្រផងដែរ នូវគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស(SEZ) នៅកម្ពុជា ក្រោយពីបានស្វែងយល់នូវទស្សន:វិស័យ និងការតាំងចិត្តខ្ពស់របស់ លោក ចម ប្រសិទ្ធ ទាក់ទងនិងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យាជាន់ខ្ពស់។

លោក ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងបានបញ្ជាក់ថា កម្មវត្ថុវិនិយោគ របស់ក្រុមហ៊ុនខាងលើ គឺចំគោលដៅ និងការ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជាពិសេសថាមពលដើរដោយព្រះអាទិត្យ និងកំលាំងខ្យល់ ហើយភាគីទាំងពីរ នឹងជួបពិភាក្សាជាថ្មី នៅដើមឆ្នាំ ២០១៨ខាងមុខនេះ។

ដើម្បីបង្កើតឲ្យមានទីតាំងវិនិយោគសមស្រប សម្រាប់ដំណោះស្រាយបច្ចេកវិទ្យា ក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ លោក ចម ប្រសិទ្ធ បានផ្តល់តម្លៃទៅលើការបង្កើតសួនបច្ចេកវិទ្យា ដើម្បីអនុវត្តការងារនេះ ពីព្រោះ សួនបច្ចេកវិទ្យាមិនត្រឹមតែជាទីតាំងផលិតទេ តែជាថ្នាលបណ្តុះបណ្តាល ជាមជ្ឈមណ្ឌលផ្តល់ព័ត៌មាន និងជាកន្លែងផ្ទេរបច្ចេកវិទ្យាដ៏សំខាន់ សម្រាប់ មន្ត្រី សិស្ស និស្សិត និងកម្មករជំនាញ នូវដំណោះស្រាយឧស្សាហកម្មបច្ចុប្បន្ន និងទិសដៅអភិវឌ្ឍអនាគតឲ្យចំគោលដៅ៕

Loading...