ព័ត៌មានសេដ្ឋកិច្ច

កម្មវិធីហៅតាក់ស៊ី GRAB ប្រកាសបើកដំណើរការជាផ្លូវការ នៅកម្ពុជា

កាលពីព្រឹកមិញនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធបើកដំណើរការជាផ្លូវការនូវ សេវាកម្មចែករំលែកយាន ជំនិះ GRAB Cambodia។

លោក ស៊ុន ចាន់ថុល បានបន្តថា សេវាកម្មចែករំលែកយានជំនិះធ្វើដំណើរនេះ ជាមធ្យោបាយធ្វើដំណើរដែលមានលក្ខណ:ថ្មីស្រឡាង មានភាពច្នៃប្រឌិត មានសុវត្ថិភាពនិងតម្លាភាព ដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋអាចទទួលបានចំណូល បន្ថែម ដោយការប្រើប្រាស់យានយន្តឯកជន ឬសម្រាប់គ្រួសាររបស់ពួកគាត់ដើម្បីផ្តល់សេវាដឹកជញ្ជូន។

លោក Yee Wee Tang នាយកក្រុមហ៊ុន GRAB ប្រចាំប្រទេសកម្ពុជា និងថៃ បានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានក្លាយជាប្រទេសទី ៨ នៅក្នុងតំបន់អាស៊ាន ដែលមានក្រុមហ៊ុន GRAB បានផ្តល់សេវាកម្មប្រភេទនេះ ហើយសព្វថ្ងៃក្រុមហ៊ុន GRAB កំពុងប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុងរបស់អាស៊ានចំនួន ១៥៦ ដោយមានអ្នកបើកបរជាង ២.១លាននាក់ ដែលធ្វើឲ្យពលរដ្ឋមានភាពងាយស្រួល និងបង្កើតការងារធ្វើដល់អ្នកបើកបរផងដែរ។

នាឱកាសនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះអនុស្សរណ:យោគយល់ជាមួយក្រុមហ៊ុន GRAB ដើម្បីធ្វើ ការរួមគ្នា ជួយវិភាគអំពីការគ្រប់គ្រងចរាចរណ៍ ដោយប្រើចំណុចគោលដៅរថយន្តតាមប្រព័ន្ធ GPS របស់ ក្រុមហ៊ុន GRAB ដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធ។

GRAB និង UNDP កម្ពុជា កំពុងស្វែងយល់ផងដែរពីភាពជាដៃគូ ដែលមានសក្តានុពលដើម្បីលើកកម្ពស់ ប្រព័ន្ធ និងច្ចេកវិទ្យា និងវិធានការដឹកជញ្ជូនក្នុងទីក្រុងប្រកបដោយនិរន្តរភាព ក្នុងគោលបំណងកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) ទាក់ទងនឹងការដឹកជញ្ជូន និងលើកកម្ពស់ស្តង់ដារគុណភាពនៃការរស់នៅក្នុង តំបន់ទីក្រុង។

គួរជម្រាបថា អត្រាគ្រោះថ្នាក់ចរាចររបស់ GRAB គឺទាបជាង ៥ដង ធៀបនឹងអត្រាមធ្យមភាគនៅក្នុងតំបន់ ហើយអ្នកប្រើប្រាស់ GRAB កើនឡើងខ្លាំងដល់ ៧២លានក្នុងការទាញយក និង ៣.៥លានដងនៃការជិះក្នុងមួយថ្ងៃ៕

មតិយោបល់