ព័ត៌មានសេដ្ឋកិច្ច

WB៖ ការរៀបចំទីក្រុង អាចលើកកម្ពស់គុណភាពនៃជីវិត និងឱកាសនៅក្នុងរាជធានីភ្នំពេញ

យោងតាមការសិក្សាថ្មីមួយរបស់ធនាគារពិភពលោក ស្តីពីការអភិវឌ្ឍទីក្រុងនៅរាជធានីភ្នំពេញ បានឲ្យដឹងថា ការរីកលូតលាស់ដ៏ឆាប់រហ័សនៃក្រុងភ្នំពេញក្នុងរយ:ពេល ១០ឆ្នាំកន្លងមកនេះ បានចូលរួមចំណែកក្នុងការបង្កើនឱកាសការងារនិងកាត់បន្ថយភាពក្រីក្រ។

ក៏ប៉ុន្តែ ការផ្តោតការយកចិត្តទុកដាក់លើការលើកម្ពស់ផែនការ ការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៃទីក្រុង គឺត្រូវការជាចាំបាច់ ដើម្បីចៀសវាងការរីករាលដាលនៃភាពគ្មានសណ្តាប់ធ្នាប់ ការស្ទះចរាចរណ៍ និងការបំពុលផ្សេងៗ។

របាយការណ៍ដែលមានចំណងជើងថា ការអភិវឌ្ឍទីក្រុង ក្នុងរាជធានីភ្នំពេញ បានលើកឡើងភាពប្រឈមជាច្រើន ក្នុងការផ្តល់ជាសេវាកម្មជាមួលដ្ឋាន ដែលរួមមាន ប្រព័ន្ធបង្ហូរទឹកស្អុយ ស្ថានីយកែច្នៃទឹកស្អុយ សេវាដឹកជញ្ជូនសាធារណ: និងការគ្រប់គ្រងកាកសំណល់រឹង។

ការគ្រប់គ្រងនិងការផ្តល់ហិរញ្ញប្បទានលើការរៀបចំក្រុង ការពង្រឹងអភិបាលកិច្ច និងការផ្តល់សេវាកម្ម ក៏ជួបបញ្ហាប្រឈមដែរ។

ទោះបីជាមានដំណើរការរៀបចំក្រុងដែលមានស្រាប់ក៏ដោយ ក៏ការផ្តល់ហិរញ្ញប្បទាននិងសមត្ថភាពបច្ចេកទេស ជាញឹកញាប់ បង្កនូវឧបសគ្គជាច្រើនដល់ផែនការអភិវឌ្ឍទីក្រុង ទីតាំង និងផែនការប្រើប្រាស់ដី ជាពិសេស នៅថ្នាក់ ខណ្ឌ និង សង្កាត់។

លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា «រាជធានីភ្នំពេញ ប្រឈមនឹងឱកាសដ៏សំខាន់មួយ ក្នុងការកែខៃទីក្រុងជាវិជ្ជមានមួយសម្រាប់អនាគតរបស់ខ្លួន ការបង្កើតការងារឲ្យបានច្រើនថែមទៀត និងការបង្កលទ្ធភាពឲ្យមានសេវាកម្មកាន់តែប្រសើរជាងមុន។ ការអភិវឌ្ឍទីក្រុងដែលមានការគ្រប់គ្រងនិងរៀបចំផែនការបានល្អ អាចជួយធ្វើឲ្យទីក្រុងមានភាពល្បីល្បាយ ក្នុងការធានាឲ្យមានស្តង់ដាររស់នៅប្រសើរសម្រាប់អនាគតមនុស្សជំនាន់ក្រោយផងដែរ។»

របាយការណ៍នេះ បានផ្តល់នូវអនុសាសន៍ជាច្រើន ដើម្បីធ្វើឲ្យការរីកលូតលាស់នៅក្នុងទីក្រុងកាន់តែមានលក្ខណ:ប្រកួតប្រជែង កាន់តែមាននិរន្តរភាព និងកាន់តែគ្របដណ្តប់ទូលំទូលាយលើវិស័យសំខាន់ៗចំនួន បួន។ ទីមួយ គឺត្រូវកែលម្អស្ថាប័ន និងអភិបាលកិច្ច ដើម្បីឲ្យទីក្រុងអាចអភិវឌ្ឍទៅបានប្រកបដោយភាពសុខដុមនិងមានប្រសិទ្ធិភាពជាងមុន។

ទីពីរ គឺត្រូវកែលម្អផែនការរៀបចំទីក្រុងនិងការអនុវត្តផែនការ តាមរយ:ការបង្កើតបទដ្ឋានគតិយុទ្ធ​​ ក្របខ័ណ្ឌច្បាប់ និងពង្រឹងផែនការរៀបចំទីក្រុងដែលមានស្រាប់។

ទីបី គឺត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅនិងភាពប្រកួតប្រជែង។

ទីបួន គឺត្រូវធានាថា ការរៀបចំទីក្រុងត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីចៀសវាងកុំឲ្យមានវិសមភាព៕

មតិយោបល់