ព័ត៌មានសេដ្ឋកិច្ច

ចិន គ្រោងបើករោងចក្រកែច្នៃ វេចខ្ចប់ផលិតផលផ្លែឈើកម្ពុជា នៅខេត្តកំពង់ស្ពឺ

កាលពីម្សិលមិញនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឲ្យលោក Long Yunhai អគ្គនាយកក្រុមហ៊ុន Weihai Dragon Union Agriculture Co., Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារស្តីពី ការនាំចេញផលិតផលផ្លែឈើពីកម្ពុជាទៅក្រៅប្រទេស និងបើកកសិដ្ឋានចិញ្ចឹមគោ។

តាមការរាយការណ៍របស់លោក Long Yunhai បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំវិនិយោគសាងសង់រោងចក្រកែច្នៃ វេចខ្ចប់ផលិតផលផ្លែឈើកម្ពុជា នៅខេត្តកំពង់ស្ពឺ ដោយបំពាក់ម៉ាស៊ីនទំនើប ក្នុងការសំលាប់មេរោគ តាមស្តង់ដារអនាម័យ និងភូគាមអនាម័យអន្តរជាតិ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ។

ក្រុមហ៊ុនរបស់លោក ក៏មានបំណងបើកធនាគារកសិកម្ម ដើម្បីផ្តល់សេវាជូនប្រជាកសិករ និងជម្រុញការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ឲ្យកាន់តែរីកចម្រើននាពេលអនាគត។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ និងគាំទ្រចំពោះក្រុមហ៊ុនដែលបានវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា ក្នុងការបង្កើនសមត្ថភាពកែច្នៃ តាមស្តង់ដារអន្តរជាតិ ដើម្បីធ្វើការនាំចេញផលិតផលកសិកម្មកម្ពុជា និងលើកស្ទួយសេដ្ឋកិច្ចជាតិកម្ពុជា។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យក្រុមហ៊ុនគិតគូរ ការវិនិយោគលើការចិញ្ចឹមត្រី និងគោ បម្រើដល់ការនាំចេញ ដោយកម្ពុជាមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម៕

 

មតិយោបល់