Post News Media ព័ត៌មានសេដ្ឋកិច្ច ខេត្តកែប ជាគោ...

ខេត្តកែប ជាគោលដៅទេសចរណ៍បៃតងលំដាប់ខ្ពស់ និងប្រណិត របស់កម្ពុជា

រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានចាត់ទុក ខេត្តកែប ជាខេត្តមានសក្តានុពលលើ វិស័យទេសចរណ៍ធម្មជាតិតំបន់ឆ្នេរ ដែលមានបរិស្ថានស្អាតធម្មជាតិ ស្រស់បំព្រង ប្រកបដោយភាពទាក់ទាញបំផុត និងជាគោលដៅទេសចរណ៍បៃតងរបស់កម្ពុជា។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ខេត្តកែបត្រូវបានកំណត់ជា គោលដៅទេសចរណ៍បៃតង សម្រាប់បច្ចុប្បន្ន និងទៅអនាគត ហើយអាជ្ញាធរខេត្ដសម្រាប់ការទទួលយកដៃគូមកវិនិយោគ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ចាំបាច់មានការទទួលខុសត្រូវខ្ពស់ ពោលគឺ ឲ្យប្រាកដថា ក្រុមហ៊ុននោះស្ថិតក្នុងកម្រិតស្តង់ដារ។

ឯកឧត្តម បានបន្តថា បញ្ហាដែលសំខាន់ ប្រតិបត្តិករត្រូវរៀនបន្ថែមនូវ របៀបបដិសណ្ឋារកិច្ចជំនាញម្ហូប អាហារ ទាំងសម្រាប់ភ្ញៀវជាតិ ទាំងភ្ញៀវអន្តរជាតិ ដូចអ្វីដែលបានកំណត់ក្នុងគោលដៅទេសចរណ៍ គ្រប់មជ្ឈដ្ឋានត្រូវរួមគ្នាការពារបរិស្ថាន និងរក្សាឲ្យបាននូវអនាម័យ។

ឯកឧត្តម បានណែនាំដល់មន្ទីរទេសចរណ៍ខេត្តកែប ត្រូវចាប់ផ្តើមអប់រំផ្សព្វផ្សាយ ដល់អាជីវករ ពិសេសម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋាន តម្រូវឲ្យចាប់ផ្តើមបញ្ឈប់ ការដាក់ក្រដាសអនាម័យសម្រាប់ភ្ញៀវ នៅតាមតុអាហារ ឬតាមកន្លែងលក់ចំណីអាហារនានា ដោយជំនួសនូវការប្រើកន្សែងត្រជាក់វិញ។

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកខេត្តព្រះសីហនុ ជាគោលដៅទីក្រុងទេសចរណ៍សម្រាកលំហែ និងជាបណ្តុំសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកែប ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណិត ខេត្តកំពត ជាគោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិទេសចរណ៍តំបន់ឆ្នេរ និងខេត្តកោះកុង ជាគោលដៅអេកូទេសចរណ៍តំបន់ឆ្នេរ។

សូមបញ្ជាក់ថា សម្រាប់យ:ពេល ១១ខែ ឆ្នាំ២០១៧ ខេត្តកែបទទួលភ្ញៀវទេសចរ បានប្រមាណជាង ១លាននាក់ កើនឡើង ៣៥.៥៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៦កន្លងទៅ៕

Loading...