Post News Media ព័ត៌មានសេដ្ឋកិច្ច តម្លៃ Bitcoin...

តម្លៃ Bitcoin កំពុងដាំក្បាល ដោយសារដៃគូប្រកួតប្រជែង និងបញ្ហាផ្ទៃក្នុង

យោងតាមសារព័ត៌មាន Fortune ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា តម្លៃកាក់ឌីជីថល Bitcoin កំពុងដាំក្បាលចុះខ្លាំងរហូតដល់ទៅ ២៥ភាគរយ​ ក្នុងរយ:ពេលប្រមាណមិនដល់ ១សប្តាហ៍ផង។

តម្លៃរូបិយប័ណ្ណឌីជីថលនេះ ធ្លាក់ចុះក្រោម ១ម៉ឺន៤ពាន់ដុល្លារអាមេរិក នៅលើទីផ្សារស្តុក Bitstamp គិតត្រឹមថ្ងៃសុក្រនេះ ពោលគឺចុះប្រមាណ ៣០ភាគរយ ពីអត្រាខ្ពស់បំផុតជិត ២ម៉ឺនដុល្លារអាមេរិក នៅដើមសប្តាហ៍។

គួររម្លឹកថា រូបិយប័ណ្ណនេះ មានតម្លៃត្រឹមតែ ១ពាន់ដុល្លារប៉ុណ្ណោះ កាលពីដើមឆ្នាំ ហើយវាផ្ទុះខ្លាំងដោយសារ ក្រុមហ៊ុន CME Group ចាប់ផ្តើមសម្ពោធ Bitcoin ជាផ្លូវការ។

យ៉ាងណាមិញ ដៃគូប្រកួតប្រជែង Cboe Global Markets កំពុងហក់ឡើង មានដូចជា Verge និង Ripple ដែលមានតម្លៃកើនឡើង ទ្វេដង កាលពីពេលថ្មីៗនេះ។

លើសពីលើនេះ តម្លៃ Bitcoin ក៏ធ្លាក់ចុះដោយសារមានបញ្ហា Hacker ដែលការពារមិនបានគ្រប់ជ្រុងជ្រោយ នឹងការដោះដូរផ្ទៃក្នុង ដែលមិនស្មោះត្រង់។

គួរបញ្ជាក់ដែរថា លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា មិនបានទទួលស្គាល់ លុយឌីជីថល ឬកាក់ឌីជីថល ដែលបង្កើតកំពុងល្បីល្បាញនៅលើបណ្តាញសង្គមនោះទេ។

បន្ថែមពីលើនេះ លោកស្រី ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីឆបោក ដែលចេញពីការចាយលុយឌីជីថល ឬហៅថា Cryptocurrency។

ធនាគារជាតិ ពុំទាន់បានទទួលស្គាល់ ប្រភេទលុយឌីជីថល ឬកាក់ឌីជីថលនេះ​ទេ ហើយក៏បានណែនាំដល់ ធនាគារពាណិជ្ជទាំងអស់ មិនឲ្យធនាគារធ្វើប្រតិបត្តិណាមួយ ទាក់ទងជាមួយ Cryptocurrency នេះដែរ ព្រោះវាមានហានិភ័យខ្ពស់ ដែលពុំទាន់បានសិក្សាច្បាស់នៅឡើយ។

ជាចុងក្រោយ ធនាគារជាតិ នឹងចាត់វិធានការក្នុងពេលឆាប់ៗនេះ ដើម្បីទប់ស្កាត់ និងការពារហានិភ័យ ដែលអាចកើតមានដោយសារ លុយឌីជីថលនេះ៕

 

Loading...