Post News Media ព័ត៌មានសេដ្ឋកិច្ច ធនាគារជាតិនៃក...

ធនាគារជាតិនៃកម្ពុជា បដិសេធរឿងគាំទ្ររូបិយវត្ថុ K-Coin

ធនាគារជាតិនៃកម្ពុជា បានប្រកាសបដិសេធនូវ ព័ត៌មានមួយដែលថា ធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមហ៊ុន Chaintope បង្កើតរូបិយវត្ថុ K-coin។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រហ្វេសប៊ុករបស់ ធនាគារជាតិនៃកម្ពុជា ទើបនឹងចេញផ្សាយ។

ក្នុងនោះ មានបញ្ជាក់សេចក្តីបន្ថែមថា «យើងសូមថ្តោលទោស​ដាច់អហង្ការ ចំពោះបុគ្គលណាដែលប្រើប្រាស់ឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយព័ត៌មានបោកប្រាស់នេះ និងកំពុងចាត់វិធានការតាមផ្លូវច្បាប់ដែលមានជាធរមាន»។
ជាចុងក្រោយ​ ធនាគារជាតិនៃកម្ពុជា សូមបញ្ជាក់ជាថ្មីថា ធនាគារជាតិនៃកម្ពុជាមិនដែលបានអនុញ្ញាតឲ្យមានការទិញ-លក់ និងចរាចរ CryptoCurrencies​ ក្នុងទម្រង់ណាមួយដូចជា K-coin ដែលបានលើកឡើងនេះទេ។

កាលពីពេលថ្មីៗនេះ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា មិនបានទទួលស្គាល់ លុយឌីជីថល ឬកាក់ឌីជីថល ដែលបង្កើតកំពុងល្បីល្បាញនៅលើបណ្តាញសង្គមនោះទេ។

បន្ថែមពីលើនេះ លោកស្រី ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីឆបោក ដែលចេញពីការចាយលុយឌីជីថល ឬហៅថា Cryptocurrency។

ថ្មីៗនេះ ក៏មានបណ្តាញអ្នកដើរផ្សព្វផ្សាយដើម្បីជម្រុញឲ្យអ្នកលក់ដូរ ប្រើប្រាស់លុយឌីជីថលនេះ ក្នុងការទូទាត់ជំនួសឲ្យសាច់ប្រាក់ធម្មតា ហើយអះអាងថា អាចយកកាក់នោះទៅដូរ យកសាច់ប្រាក់នៅធនាគារមួយចំនួនបាន តែនេះពុំមែនជាការពិតនោះទេ។

ធនាគារជាតិ ពុំទាន់បានទទួលស្គាល់ ប្រភេទលុយឌីជីថល ឬកាក់ឌីជីថលនេះ​ទេ ហើយក៏បានណែនាំដល់ ធនាគារពាណិជ្ជទាំងអស់ មិនឲ្យធនាគារធ្វើប្រតិបត្តិណាមួយ ទាក់ទងជាមួយ Cryptocurrency នេះដែរ ព្រោះវាមានហានិភ័យខ្ពស់ ដែលពុំទាន់បានសិក្សាច្បាស់នៅឡើយ។

ជាចុងក្រោយ ធនាគារជាតិ នឹងចាត់វិធានការក្នុងពេលឆាប់ៗនេះ ដើម្បីទប់ស្កាត់ និងការពារហានិភ័យ ដែលអាចកើតមានដោយសារ លុយឌីជីថលនេះ៕

Loading...