ព័ត៌មានសេដ្ឋកិច្ច

បុណ្យឆ្លងឆ្នំាសកល ខេត្តសៀមរាប ទទួលភ្ញៀវទេសចរជាង ៣.៣៣សែននាក់

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានឲ្យដឹងថា នៅក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០១៧ចូល ២០១៨ នៅខេត្តសៀមរាប មានភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរជាតិ សរុបប្រមាណជា៣៣៣,០០០នាក់ ដែលបានចូលរួមឆ្លងឆ្នាំសកលនៅខេត្តសៀមរាប មានការកើនឡើងជាងឆ្នាំមុនប្រមាណជាង ៧៤.៩១ភាគរយ។

លោកបានបញ្ជាក់ថា នៅក្នុងឱកាសឆ្លងឆ្នាំសកលឆ្នាំ២០១៧ ចូលឆ្នាំ២០១៨នេះ អាជ្ញាធរបានរៀបចំឱ្យមាន កន្លែងកម្សាន្តជាច្រើន គឺនៅតាមសណ្ឋាគារ នៅសួនច្បារមុខព្រះរាជដំណាក់ និងតំបន់ផាប់ស្រ្ទីត ផ្សារចាស់ ផ្សាររាត្រី តំបន់អង្គរឃ្យុងយូ នៅផ្សារកុងតឺន័រ ហើយកន្លែង ដែលភ្ញៀវសម្រុកទៅសប្បាយច្រើនជាងគេគឺ នៅតំបន់ផាប់ស្រ្ទីត ផ្សារចាស់ និងផ្សាររាត្រី។

ក្នុងឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរមកពីតាមបណ្តាខេត្តនានា បានមកកម្សាន្តនៅខេត្តសៀមរាបច្រើនជាងបណ្តាឆ្នាំមុនៗ ដោយសារតែឆ្នាំនេះ អាជ្ញាធរខេត្តបានរៀបចំឱ្យមាន កន្លែងសប្បាយច្រើន និងតុបតែងភ្លើងលម្អក្រុងបានស្អាតជាង ឆ្នាំមុនផងដែរ។

ទន្ទឹមនេះ សម្រាប់សន្តិសុខ សណ្តាប់ធ្នាប់ សមត្ថកិច្ចការពារយ៉ាងយកចិត្តទុកដាក់បំផុត មិនមានបញ្ហាអ្វីកើតឡើងនោះទេ រីឯតម្លៃសេវាផ្សេងៗដូចជាសណ្ឋាគារ ម្ហូបអាហារ ក៏មិនមានការឡើងថ្លៃហួសហេតុដែរ ពីព្រោះក្រុមមន្រ្តីជំនាញបាន ចុះទៅផ្សព្វផ្សាយ ណែនាំឱ្យអាជីវករទាំងអស់មិនឱ្យឡើងថ្លៃជាប្រចាំ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរជាតិ ដែលបានមកចូលរួមឆ្លងឆ្នាំសកល ២០១៨ នៅខេត្តសៀមរាប មានសរុបចំនួនប្រមាណ៣៣៣.០៨៥នាក់ មានការកើនឡើង៧៤.៩១ភាគរយ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣៣,០៨៥នាក់ មានការកើនឡើង ៩.៣៨ភាគរយ ភ្ញៀវទេសចរជាតិមានប្រមាណ ៣០០.០០០នាក់ មានការកើនឡើង ៧៦.៤៧ភាគរយ៕

មតិយោបល់