ព័ត៌មានសេដ្ឋកិច្ច

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ មករា នៅរាជធានីភ្នំពេញ

កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី ២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៨ នៅរាជធានីភ្នំពេញ ក្រោមការចូលរួមពីថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ថ្នាក់ដឹកនាំប្រទេសទាំង ៦ នឹងធ្វើការពិភាក្សាលើ បញ្ហាសំខាន់ៗដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើ ការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងក្រុមអ្នកស្រាវជ្រាវបាន ចាត់ទុកថា កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង នឹងរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍ ប្រទេសនៅក្នុងតំបន់ និងកម្ពុជាឱ្យមានការីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម សុខ ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា តាមរយ:កិច្ចសហប្រតិបត្តិការមេគង្គឡានឆាងនេះ នឹងធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ច កាន់តែខ្លាំងតាមរយ:ការទាក់ ទាញភ្ញៀវទេសចរ វិស័យសំណង់ និងជំរុញឱ្យអ្នកវិនិយោគទុនបរទេស ជាពិសេសអ្នកវិនិយោគចិនមកបណ្តាក់ទុននៅ កម្ពុជាកាន់តែច្រើន។

ឯកឧត្តមបន្តថា បន្ទាប់ពីបានអនុវត្តន៍នូវកិច្ចសហប្រតិបត្តិការនេះជាង ២ឆ្នាំកន្លងមក ចិនបានផ្តល់កម្ចី និងជំនួយហិរញ្ញវត្ថុជាច្រើនដល់កម្ពុជា និងប្រទេសក្នុងតំបន់ សម្រាប់អភិវឌ្ឍន៍ផ្លូវថ្នល់ វិស័យកសិកម្ម និងពាណិជ្ជកម្មជាដើម។

ប្រទេសចិន គឺជាអ្នកផ្តួចផ្តើមនូវកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ ដូច្នេះ ចិនដើរតួនាទីសំខាន់ ក្នុងការដឹកនាំប្រទេសទាំង៥ ដែលជាប់ដងទន្លេមេគង្គឱ្យធ្វើការរួមគ្នា ដើម្បីឆ្ពោះទៅរកំណើនសេដ្ឋកិច្ច និងផលប្រយោជន៍រួម។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ គឺជាការផ្តួចផ្តើមរបស់ ប្រទេសចិនមានគោលដៅ ធ្វើយ៉ាងណាប្រទេសក្នុងតំបន់ អាចចែករំលែកបទពិសោធន៍ និងទទួលបានផលប្រយោជន៍រួមគ្នា ហើយប្រជាជនកម្ពុជានឹងទទួល បានចំណេះដឹងថ្មីៗផ្នែកបច្ចេកវិទ្យា ជំនាញវិជ្ជាជីវ: និងការផ្លាស់ប្តូរការងារជាមួយបណ្តា ប្រទេសជាប់ដងទន្លេមេគង្គ និងប្រទេសចិន។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បង្កើតឡើងក្នុងគោលបំណង ស្វែងរកការពង្រឹង កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសដែលជាសមាជិកទាំង៦ ក្នុង វិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ លទ្ធភាពផលិតកម្ម ការគ្រប់គ្រងធនធានធម្មជាតិប្រកប ដោយនិរន្តភាព សេរីភាវូបនីយកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សុខភាពសាធារណ: ការផ្លាស់ប្តូរវប្បធម៌ អង្គការសង្គមស៊ីវិល ការកសាងសមត្ថភាព ការកាត់បន្ថយភាពក្រីក្រ ការផ្លាស់ប្តូរការសិក្សាទីផ្សារ ទីផ្សារហិរញ្ញវត្ថុ ភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងអាស៊ាន ការគំរាមកំហែងសន្តិសុខ ជឿទុកចិត្ត និងការកសាងទំនុកចិត្តវិនិយោគហេដ្ឋារចនា សម្ព័ន្ធ អាស៊ី និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៕

    

មតិយោបល់