ព័ត៌មានសេដ្ឋកិច្ច

ADB បើកការប្រកួត រូបថតតាមប្រព័ន្ធអនឡាញ ផ្តោតលើការអភិវឌ្ឍនៅក្នុងអនុតំបន់ទន្លេមេគង្គ

ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសចាប់ផ្តើមកម្មវិធីប្រកួតប្រជែងរូបថតតាមប្រព័ន្ធអនឡាញ Instagram ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍ ដែលសម្រេចបានក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) និងបង្ហាញពីការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយ:ការបង្កើនកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មថ្នាក់តំបន់។

កម្មវិធីប្រកួតប្រជែងរូបថតតាមប្រព័ន្ធអនឡាញនេះ នឹងធ្វើឡើងដោយប្រើ hashtag​#GMS25 ជាផ្នែកមួយនៃការអបអរសាទរខួបលើកទី​ ២៥ នៃការបង្កើតកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ។

ប្រទេសជាសមាជិកនៃមហាអនុតំបន់ទន្លេមេគង្គ រួមមាន កម្ពុជា សាធារណរដ្ឋប្រជាមានិតចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។​

កម្មវិធីប្រកួតប្រជែងនេះ បើកចំហសម្រាប់អ្នកថតរូបមិនមែនអាជីពទាំងអស់ ដោយមិនគិតពីអាយុ មកពីប្រទេសជាសមាជិករបស់​ ADB។​ រូបថតត្រូវតែជារូបថតដើម និងជារូបថតដែលថតដោយខ្លួនឯងផ្ទាល់ ពុំដែលធ្លាប់ត្រូវបានបោះពុម្ពផ្សាយ ហើយត្រូវបង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃក្នុងមហាអនុតំបន់ទន្លេមេគង្គ ព្រមទាំងបង្ហាញពីការផ្លាស់ប្តូរពីបែបផែននៃការរស់នៅក្នុងរយ:ពេល ២៥ ឆ្នាំចុងក្រោយនេះ។​ បេក្ខជនដែលចូលរួមក្នុងកម្មវីធីប្រកួតប្រជែងនេះ អាចផ្ញើរូបថតចំនួនប៉ុន្មានក៏បានដែរ។

ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ សូមបង្ហោះរូបថតលើកគណនី Instagram របស់អ្នក ដោយប្រើប្រាស់ hashtag#GMS25 និង tag@ADB_HQ។ ការបង្ហោះរូបថត អាចធ្វើឡើងពេលណាក៏បាននៅ ចន្លោះថ្ងៃទី ៨​ ខែមករា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ៩ ខែកុម្ភ: ឆ្នាំ ២០១៨។ ការប្រកាសជ័យលាភីនឹងធ្វើឡើង នៅថ្ងៃទី ២០ ខែកុម្ភ: ឆ្នាំ២០១៨។​

ជ័យលាភីទី ១ នឹងទទួលបានទឹកប្រាក់ ៥០០ ដុល្លារ ជ័យលាភីទី ២ នឹងទទួលបានទឹកប្រាក់ ២០០ ដុល្លារ  ហើយជ័យលាភីទី ៣ នឹងទទួលបានទឹកប្រាក់ ១០០ ដុល្លារ។ ការកាត់សេចក្តីរកជ័យលាភី នឹងធ្វើឡើងដោយផ្អែកទៅតាមអត្ថន័យរបស់រូបថត និងចំនួននៃការចូលចិត្ត (likes) ក្នុង Instagram៕

មតិយោបល់