ព័ត៌មានសេដ្ឋកិច្ច

ADB ផ្តល់ឥណទានសម្បទានជិត ២០០លាន$ ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ៣ នៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ឥណទានសម្បទានសម្រាប់គម្រោងចំនួន បី ជាមួយរាជរដ្ឋាភិបាលកម្ពុជា ​ដើម្បី​ផ្តល់ការគាំទ្រដល់​ការកែលម្អផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹក និងអនាម័យតាមខេត្ត និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងផ្តល់ឥណទានសម្បទាននេះ ក្នុង​នាម​រដ្ឋាភិបាល​កម្ពុជា ជាមួយនិង​លោក Samiuela Tukuafu នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេសកម្ពុជា ដែលចុះហត្ថលេខា​ក្នុង​នាមឱ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី។​

គម្រោងកែលម្អបណ្តាញផ្លូវថ្នល់ ដែលមានទឹកប្រាក់ ៧០ លានដុល្លារ នឹងកែលំអ​ផ្លូវប្រវែង ១៤៧ គីឡូម៉ែត្រ សម្រាប់ឱ្យប្រជាពលរដ្ឋ​ប្រើប្រាស់​ ក្នុង​គ្រប់​ស្ថានភាព​អាកាសធាតុទាំងអស់ ក្នុងខេត្តព្រៃវែង សៀមរាប និង​ស្វាយរៀង។

គម្រោងនេះ ​នឹងជួយគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​នៅ​ថ្នាក់ជាតិ ដើម្បី​បង្កើនប្រសិទ្ធភាព សុវត្ថិភាព និង​ភាព​ធន់ទ្រាំទៅនឹងអាកាសធាតុ និង​បង្កើនសមត្ថភាពរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការគ្រប់គ្រង​ទ្រព្យ​សម្បត្តិ​ផ្លូវថ្នល់ តាមរយ:ការរៀបចំផែនការប្រតិបត្តិការ និងការជួសជុលថែទាំឱ្យបាន​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន។ លើសពីនេះ គម្រោងក៏នឹងមានការបង្កើនការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ និងច្បាប់ចរាចរណ៍ ដល់ប្រជាពលរដ្ឋ​ផងដែរ។

គម្រោងផ្គត់ផ្គងទឹក និងអនាម័យខេត្ត នឹងជួយពង្រីក និងកែលម្អការផ្គត់ផ្គង់ទឹក និងសេវា​អនាម័យ​នៅ​តំបន់​ប្រជុំជន ដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ២០៩.០០០ នាក់ នៅក្នុងខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងក្រុងព្រះសីហនុ។

ក្នុង​គម្រោងនេះ នឹងមានការសាងសង់រោងចក្រសម្អាតទឹក និងសម្អាតទឹកស្អុយ ការ​ត​ភ្ជាប់​​បណ្តាញទឹក​តាម​បំពង់ និងប្រព័ន្ធលូ។ ឥណទានសម្បទាននៅក្នុងទឹកប្រាក់ ៥០ លានដុល្លារ របស់ ADB សម្រាប់គម្រោងនេះ នឹងត្រូវបំពេញ​បន្ថែម​ដោយ​ហិរញ្ញប្បទានឥតសំណង ១០ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់​យន្តការផ្តល់ឥណទាន​រួមគ្នា ក្រោម​ការឧបត្ថម្ភមូលនិធិពីរដ្ឋាភិបាលជប៉ុន និងសហហិរញ្ញប្បទាន ៤០ លានអឺរ៉ូ (ស្មើ​នឹង ៤៣,៥ លានដុល្លារ) ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងហិរញ្ញប្បទានឥតសំណង ៤,៦៧ លានអឺរ៉ូ (ស្មើនឹង ៥,០៩ លានដុល្លារ) ទៀតពីកម្មវិធីវិនយោគអាស៊ីនៃសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់ការអនុវត្តវិធានការប្រសិទ្ធភាព​ថាមពល។ រដ្ឋាភិបាល​ក៏​នឹងចូលរួម​បដិភាគក្នុងទឹកប្រាក់ ១០,៥៤ លានដុល្លារផងដែរ។

ហិរញ្ញប្បទានបន្ថែម សម្រាប់គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្ម​ខ្នាតតូច​នៅ​តំបន់​ទន្លេ​សាប នឹងបន្តបង្កើនផលិតភាពកសិកម្ម និងធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជុំវិញបឹងទន្លេសាប ដើម្បីផ្តល់​ប្រយោជន៍​ដល់កសិករខ្នាតតូច ក្នុងខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ធំ សៀមរាប និង ត្បូងឃ្មុំ។

ហិរញ្ញប្បទាន​បន្ថែមនេះ ក៏នឹងបញ្ចូលគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ដែលឆ្លុះបញ្ចាំងពីតម្រូវការរបស់សហគមន៍មូលដ្ឋាន និង​ដោះស្រាយ​​បញ្ហាផលិតភាពទាប សង្វាក់ផ្គត់ផ្គង់នៅមានកម្រិតខ្សោយ និងភាពងាយរងគ្រោះខ្ពស់ ដោយសារការ​ប្រែប្រួល​​អាកាសធាតុ។

ធនាគារអភិវឌ្ឍន៍អាស៊ី នឹងផ្តល់ទឹកប្រាក់ ៥០ លានដុល្លារ សម្រាប់គម្រោងនេះ រួមនឹង​ឥណទាន​សម្បទាន ១០ លានដុល្លារ ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម និងការចូលរួមបដិភាគសមមូល ៦ លាន​ដុល្លារ​​ពី​រដ្ឋាភិបាល។

មានមូលដ្ឋាននៅទីក្រុងម៉ានីល ADB ​ប្តេជ្ញាកាត់បន្ថយភាពក្រីក្រនៅអាស៊ី និងប៉ាស៊ីហ្វិច តាមរយ:​កំណើន​សេដ្ឋកិច្ចបរិយាប័ន្ន កំណើនដែលធានានិរន្តរភាពបរិស្ថាន និងសមាហរណកម្មសេដ្ឋកិច្ច។ បង្កើតឡើងក្នុងឆ្នាំ​១៩៦៦ ធនាគារនេះ ជាកម្មសិទ្ធិរបស់សមាជិកចំនួន ៦៧ ដែលក្នុងនោះ ៤៨ មកពីតំបន់៕

មតិយោបល់