កាលពីម្សិលមិញនេះ គម្រោងបាញ់បង្ហោះផ្កាយរណបរបស់កម្ពុជា ជាលើកដំបូងបង្អស់ ដែលគ្រោងវិនិយោគក្នុងទំហំទឹកប្រាក់ ១៥០លានដុល្លារអាមេរិក ត្រូវបានចុះកិច្ចព្រមព្រៀងរួចរាល់ជាស្ថាពរ រវាង អ្នកឧកញ៉ា គិត ម៉េង នាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោក យីន លីម៉េង ប្រធានសាជីវកម្មឧស្សាហកម្មមហាកំពែងចិន។
កាលពីពេលថ្មីៗនេះ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា កម្ពុជា គ្រោងនឹងចំណាយប្រមាណ ១៥០លានដុល្លារអាមេរិក លើការសិក្សានៃការវិនិយោគលើ ការបង្ហោះផ្កាយរណប។
កម្ពុជា នឹងមានផ្កាយរណបលើកទី ១ បើសិនជាការសិក្សាទទួលបានជោគជ័យ ហើយវាផ្តល់ផលប្រយោជន៍ជាច្រើនដូចជា៖
១. សេវាភ្ជាប់ផ្ទាល់ដល់គេហដ្ឋាន (Direct to Home)
២. សេវាអ៊ីនធឺណិតល្បឿនលឿន (Broadband Service)
៣. សេវាសិក្សាពីចម្ងាយ (Distanced Education)
៤. សេវាទំនាក់ទំនងគ្រាអាសន្ន (Emergency Comm.) រាប់បញ្ចូលទាំងវិស័យគមនាគមន៍ ដូចជា អាកាសចរណ៍ នាវាចរណ៍ ចរន្តចរាចរណ៍ផ្លូវគោក និង សេវាសុវត្ថិភាពសាធារណ: សុខាភិបាល និងការសង្រ្គោះបន្ទាន់ដទៃទៀត
៥. សេវាអេឡិកត្រូនិកកសិកម្ម (E-Agriculture)
៦. សេវាអេឡិកត្រូនិកសុខាភិបាល (E-Telemedicine)
៧. សេវាការពារជាតិនិងសន្តិសុខជាតិ
៨. សេវាទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង សោតទស្សន៍ ដទៃទៀត។
គួរជម្រាបដែរថា នៅពេលកម្ពុជា មានផ្កាយរណបដោយខ្លួនឯង គឺមានឯករាជ្យសន្តិសុខផ្នែកទូរគមនាគមន៍ អាចរក្សាការសម្ងាត់ អាចការពារខ្លួនឯង និងអាចក្តាប់ព័ត៌មានដោយខ្លួនឯង៕
មតិយោបល់