Post News Media ព័ត៌មានសេដ្ឋកិច្ច កម្ពុជា-ឡាវ ន...

កម្ពុជា-ឡាវ នឹងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង ៥០០គីឡូវ៉ុល ភ្ជាប់ខេត្តស្ទឹងត្រែង-ឡាវ

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងឡាវ បានចុះហត្ថលេខាលើ គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ៥០០គីឡូវ៉ុល ភ្ជាប់ខេត្តស្ទឹងត្រែង ទៅប្រទេសឡាវ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន លី ខឺយាង។

ខ្សែនេះ​ នឹងត្រូវសាងសង់ចប់ក្នុងឆ្នាំ ២០២០ខាងមុខ ដែលនឹងជួយពង្រីកពាណិជ្ជកម្មថាមពលនៃប្រទេសទាំងពីរ ជួយបំពេញការខ្វះខាតនៅកម្ពុជា ក្នុងពេលអន្តរកាល ដោយរោងចក្រក្នុងស្រុកខ្លះ កំពុងសាងសង់មិនទាន់រួច។

ជាពិសេសជាងនេះទៀតគឺ ខ្សែបញ្ជូនអគ្គិសនីនេះ ក៏អាចជួយកាត់បន្ថយថ្លៃភ្លើងនៅពេលខាងមុខ និងជួយបង្កើនស្ថេរភាពបណ្តាញជាតិដោយសារភាពប្រទាក់ក្រឡាគ្នា។

នៅក្នុងឆ្នាំ ២០១៧នេះ គិតនៅទូទាំងប្រទេសកម្ពុជា គឺប្រើប្រាស់អគ្គិសនីអស់ប្រមាណ ២០០០មេហ្គាវ៉ាត់ ខណ:នាំចូលពីប្រទេសជិតខាងតែ ២០ភាគរយ ប៉ុណ្ណោះ។ នេះបើយោងតាមការឲ្យដឹងពី លោក អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ​ និងថាមពល។

លោក កែវ រតន: អគ្គនាយកអគ្គិសនីកម្ពុជា ក៏ធ្លាប់បានលើកឡើងដែរថា ប្រទេសកម្ពុជា បានកាត់បន្ថយការនាំចូលថាមពលអគ្គិសនីយ៉ាងច្រើនពី ប្រទេសឡាវ ថៃ និងវៀតណាម ដោយបច្ចុប្បន្ននៅសល់ប្រមាណជាង ២០ភាគរយប៉ុណ្ណោះ។

កាលពីឆ្នាំ ២០០៩-២០១០ កម្ពុជា នាំចូលថាមពលពីប្រទេសឡាវ ថៃ វៀតណាម ប្រមាណ ៨០ភាគរយ តែយ៉ាងណាមិញ កម្ពុជា ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ផលិតថាមពលអគ្គិសនីដោយខ្លួនឯង និងកាត់បន្ថយការនាំចូល ឲ្យសល់ត្រឹមតែ ២០ភាគរយប៉ុណ្ណោះ (ឡាវ ០.៥%, ថៃ ៤.៥% និងវៀតណាម ១៤.៥%)។

ការផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសកម្ពុជា កើនឡើងប្រមាណ ២០ភាគរយ ក្នុងឆ្នាំ ២០១៦​ បើធៀបនឹងឆ្នាំ ២០១៥ ក្នុងនោះ វារីអគ្គិសនីចំនួន ៦ ផ្គត់ផ្គង់អគ្គិសនីសរុប ៩២៨មេហ្គាវ៉ាត់ ហើយរោងចក្រធ្យូងថ្ម ផ្គត់ផ្គង់ប្រមាណ ៥០៥មេហ្គាវ៉ាត។

ប្រភពថាមពលខាងលើ បាននិងកំពុងផ្គត់ផ្គង់ដល់ប្រមាណ ២លានលំនៅដ្ឋាន ដែលស្មើនឹង ៥៨ភាគរយនៃលំនៅដ្ឋានសរុបទូទាំងប្រទេស ហើយបណ្តាញអគ្គិសនី បានតភ្ជាប់ទៅដល់ជាង ​១ម៉ឺនភូមិ ស្មើនឹង ៧៤ភាគរយនៃភូមិសរុប។

យ៉ាងណាមិញ ក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ដែរថា ត្រឹមឆ្នាំ ២០១៨ កម្ពុជានឹងបង្កើតអគ្គិសនី ៤០០មេហ្គាវ៉ាត់បន្ថែមទៀត តាមរបស់វារីអគ្គិសនីសេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែង។

គួរជម្រាបដែរថា បច្ចុប្បន្ន នៅកម្ពុជា ក៏មានប្រព័ន្ធសូឡាទោលតាមផ្ទះនីមួយៗ (Solar Home System) ប្រមាណ ៤ម៉ឺនផ្ទះ​ ដែលតម្លើងដោយ អគ្គិសនីកម្ពុជា ហើយនឹងបន្តទៅទៀត សម្រាប់ផ្ទះដាច់ស្រយាល ឆ្ងាយពីខ្សែបណ្តាញជាតិ៕

 

Loading...