ព័ត៌មានសេដ្ឋកិច្ច

Grab ចុះ MOU ជាមួយនឹង ACU ធ្វើអាជីវកម្មដោយតម្លាភាព និងអភិបាលកិច្ចល្អ

កម្មវិធី Grab ដែលជាវេទិកាមធ្យោបាយធ្វើដំណើរឈានមុខគេប្រចាំតំបន់អាស៊ីអាគ្នេយ៏ បានចុះអនុស្សរណ:នៃការយោគយល់ជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ​ (អ.ប.ព) នៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ ដែលបង្ហាញពីការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការធ្វើអភិបាលកិច្ចដ៏ល្អ ព្រមទាំងការអនុវត្តន៍ច្បាប់យ៉ាងតឹងរ៉ឹង និងប្រតិបត្តិការដែលមានស្តង់ដារខ្ពស់នៅក្នុង​ប្រទេសកម្ពុជា។

ក្រោមការចុះអនុស្សរណ:នេះ Gra​b និង អង្គភាពប្រឆាំងអំពើពុករលួយ នឹងចូលរួមអភិវឌ្ឍ និង​ពង្រឹងនូវសហប្រតិបត្តិការនេះ ដើម្បីបង្កើតនូវតម្លាភាពដែលការពារ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយ:ការសហការយ៉ាងមានប្រសិទ្ធភាពរវាងដៃគូទាំងពីរ។

នៅក្នុងពិធីនេះ​ដែរ លោក Wee Tang Yee ដែលជាប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេស ថៃ និងកម្ពុជាបានមានប្រសាសន៏ថា​ «ពួកយើងមានកិត្តិយសណាស់ ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានយល់ព្រមឲ្យ Grab ចុះអនុស្សរណ:នៅថ្ងៃនេះ ហើយក្នុងនាមជាក្រុមហ៊ុនមធ្យោបាយធ្វើដំណើរមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ Grab មានការឱ្យតម្លៃខ្ពស់ទៅលើការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងខាងផ្នែក អភិបាលកិច្ច និងតម្លាភាពនៃការគ្រប់គ្រងប្រតិបត្តិការរបស់យើងនៅក្នុងទីផ្សារទាំង​​​ ៨ និង ទីក្រុងចំនួន ១៦៨ ក្នុងអាស៊ាន។»

ការចុះអនុស្សរណ:នៃការយោគយល់នេះ បានបញ្ជាក់ពីការប្តេជ្ញារបស់ ក្រុមហ៊ុន Grab ក្នុងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌លើផ្នែកអាជីវកម្ម ដើម្បីបង្កើននូវការទុកចិត្តនៅក្នុងសហគមន៍ និងប្រតិបត្តិទៅតាមការអភិវឌ្ឍរយ:ពេលវែងនៅក្នុងប្រទេស ដែល Grab កំពុងតែដំណើរការ។

លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) នៃរាជរដ្ឋាភិបាលរបស់ប្រទេសកម្ពុជាបានធ្វើជាគណ:អធិបតីក្នុងពិធីចុះអនុស្សរណ:នេះ ដែលត្រូវបានចូលរួមដោយមន្រ្តីនៃអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព) ព្រមទាំងសមាជិកប្រតិបត្តិរបស់ក្រុមហ៊ុន Grab និងអ្នកសារព័ត៌មាន។

បន្ទាប់ពីការដាក់ដំណើរការជាផ្លូវការនូវក្រុមហ៊ុន និងសេវាកម្មរបស់ខ្លួននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅនេះ ដែលមានវត្តមានរបស់ឯកឧត្តម ស៊ុនចាន់ថុលរដ្ឋមន្ត្រីនៃក្រសួងសាធារណ: ការនិងដឹកជញ្ជូន Grab កំពុងចាប់ផ្តើមប្រតិបត្តិការយ៉ាងរហ័សរបស់ខ្លួន នៅក្នុងរាជធានីនៃប្រទេសកម្ពុជា ដើម្បីជួយជម្រុញនូវលំហូរនៃចរាចរណ៍ និងចូលរួមកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍។

គួរជម្រាបថា នៅក្នុងការសម្ពោធជាផ្លូវការនៃក្រុមហ៊ុនរបស់ខ្លួននាពេលកន្លងទៅ ការចុះអនុស្សរណ:មួយបានធ្វើឡើងជាមួយនឹងក្រសួងសាធារណ:ការ និងដឹកជញ្ជូន ខណ:ពេលនោះ Grab បានប្តេជ្ញាថាខ្លួននឹងចូលរួមសហការជាមួយនឹងរាជរដ្ឋាភិបាល និងក្រសួងក្នុងការជួយសម្រួលដល់បញ្ហាចរាចរណ៍តាមរយ:ការផ្តល់ជាទិន្នន័យនិងជំនាញរបស់ខ្លួន៕

មតិយោបល់