កាលពីម្សិលមិញនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមសា្វយចន្ទីវៀតណាម បានចុះហត្ថលេខាលើអនុស្សរណ:យោគយល់គ្នា (MOU) ស្តីពីការជំរុញផលិតកម្មដំណាំស្វាយចន្ទីនៅកម្ពុជា សម្រាប់ការនាំចេញ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និង លោក ង្វៀន ដុកថាញ់ ប្រធានសមាគមស្វាយចន្ទីវៀតណាមប្រចាំនៅកម្ពុជា និងឯកឧត្តម ហ័ង មិញ ឯកអគ្គរដ្ឋទូតរៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
អនុស្សរណ:យោគយល់គ្នានេះ មានគោលបំណងជំរុញផលិតកម្មស្វាយចន្ទីនៅកម្ពុជា ការផ្ទេរបច្ចេកទេសប្រមូលផល និងឃ្លាំងសម្ងួត ជំរុញការវិនិយោគ ការផ្សារភ្ជាប់រវាងអ្នកដាំទៅនឹងទីផ្សារ លើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងន័យលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានកោតសរសើរដល់សមាគមដែលបានខិតខំជំរុញឱ្យមានការរៀបចំ MOU នេះបានបញ្ចប់ទាន់ពេលវេលា ដែលបញ្ជាក់ពីស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការទីផ្សារដំណាំស្វាយចន្ទីរបស់ប្រជាកសិករកម្ពុជា។
កាលពីឆ្នាំ២០១៦ កម្ពុជាមានលទ្ធភាពផលិតស្វាយចន្ទីបានប្រមាណ ១០៤,០០០តោន ហើយតាមរយ:អនុស្សរណ:យោគយល់គ្នានាពេលនេះ ក្រសួងកសិកម្ម នឹងព្យាយាមផ្សព្វផ្សាយដល់ប្រជាកសិករ និងក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចទាំងឡាយ ឱ្យធ្វើការដាំដុះដំណាំស្វាយចន្ទី ហើយសង្ឃឹមថា នាពេលខាងមុខនេះ កម្ពុជានឹងមានលទ្ធភាពផលិតស្វាយចន្ទីបានគ្រប់ ១លានតោន តាមតម្រូវការទីផ្សារ។
លោក ង្វៀន ដុកថាញ់ ក្នុងនាមសមាគមស្វាយចន្ទីរៀតណាម និងរដ្ឋាភិបាលសង្គមនិយមវៀតណាម បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ្នកវិនិយោគទុនវៀតណាមនៅកម្ពុជា ហើយបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមមានជំនឿទុកចិត្តយ៉ាងមុតមាំទៅលើ សមត្ថភាពរបស់សមាគមស្វាយចន្ទីវៀតណាម និងបានគាំទ្រដល់ការផ្ទេរបច្ចេកទេស និងពូជស្វាយចន្ទីវៀតណាមមកកម្ពុជាផងដែរ៕
មតិយោបល់