Post News Media ព័ត៌មានសេដ្ឋកិច្ច AFD ផ្តល់ហិរញ...

AFD ផ្តល់ហិរញ្ញប្បទាន៤១លានអឺរ៉ូ សម្រាប់គម្រោងទឹកស្អាត អនាម័យ និងការសិក្សានៅកម្ពុជា

ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នឹងផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិការ ៤១លានអឺរ៉ូ ដើម្បីអនុវត្តន៍គម្រោងទឹកស្អាត និងអនាម័យនៅទីរួមខេត្ត និងហិរញ្ញប្បទានឥតសំណង សម្រាប់ការសិក្សា និងពង្រឹងសមត្ថភាព។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី ២ ជាមួយសមភាគីបារាំង ដែលដឹកនាំ​ដោយលោក Philippe BAUDUIN នាយកប្រតិបត្តិរងរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ឯកឧត្តម វង្សី វិស្សុត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន​សហប្រតិបត្តិការចំនួន ២ ដែលរួមមាន កិច្ចព្រមព្រៀងឥណទានសម្បទាន លើគម្រោងទឹកស្អាត និងអនាម័យនៅទីរួមខេត្ត ក្នុងទឹកប្រាក់ចំនួន ៤០លានអឺរ៉ូ និងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់ការសិក្សា និងពង្រឹងសមត្ថភាព ក្នុងទឹកប្រាក់ចំនួន ១លានអឺរ៉ូ។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ក្នុងគោលដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់​កម្ពុជា កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ដែលផ្តល់ដោយរដ្ឋាភិបាលបារាំង តាមរយ: AFD ក្នុងក្របខ័ណ្ឌ​ឥណទានសម្បទាននេះ ត្រូវតែឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា ដើម្បីទ្រទ្រង់ដល់កំណើន​សេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងត្រូវឱ្យចំនូវអាទិភាពគោលនយោបាយនានារបស់កម្ពុជា។

លោក Philippe Bauduin នាយកប្រតិបត្តិរងរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ក៏បានបង្ហាញនូវការបេ្តជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តគាំទ្រដល់កិច្ចអភិវឌ្ឍន៍ របស់កម្ពុជា និងបានបញ្ជាក់ផងដែរថា AFD គ្រោងនឹងបន្ថែមទំហំហិរញ្ញប្បទានសហប្រតិបត្តិការ ដល់ការអភិវឌ្ឍ​របស់ប្រទេសកម្ពុជា ឱ្យស្របទៅនឹងបរិការណ៍ នៃការអភិវឌ្ឍបច្ចុប្បន្នរបស់កម្ពុជា។

គួរជម្រាបថា កិច្ចប្រជុំដ៏មានសារ:សំខាន់នេះ គឺជាយន្តការពិគ្រោះយោបល់កម្រិត​គោលនយោបាយទ្វេភាគី រវាងកម្ពុជា និងបារាំង ស្តីអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការពង្រឹង​កិច្ចសហប្រតិបត្តិ ការក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការជាមួយ AFD ហើយបានផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់ទំនាក់ទំនង ដ៏យូរអង្វែងរវាងភាគីទាំងពីរ ដែលបានគ្របដណ្តប់លើស្ទើរគ្រប់វិស័យ៕

 

Loading...