ព័ត៌មានសេដ្ឋកិច្ច

ឥណ្ឌា ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ៣៦លានដុល្លារ លើគម្រោងអភិវឌ្ឍន៍ស្ទឹងស្វាហាប់

នៅក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលឥណ្ឌា រួមមានឯកឧត្ដមនាយករដ្ឋមន្ត្រី Narendra Modi, ឯកឧត្ដមប្រធានាធិបតី Ram Nath Kovind, និងឯកឧត្ដម អនុប្រធានាធិបតី Venkaiah Naidu ដែលបានរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ឲ្យកាន់តែប្រសើរឡើងថែមទៀត។

នៅក្នុងនោះ កម្ពុជា-ឥណ្ឌា ក៏បានចុះកិច្ចព្រមព្រៀងលើឯកសារចំនួន ៤ផងដែរដូចជា៖

១. អនុស្សារណ:នៃការយោគយល់គ្នាស្តីពីការទប់ស្កាត់ ការជួញដូរមនុស្ស

២. សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើបញ្ហាព្រហ្មទណ្ឌ

៣. កម្មវិធីផ្លាស់ប្តូរវប្បធម៌

និងទី៤. កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣៦.៩២លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់។

ប្រទេសឥណ្ឌា ជាប្រទេសប្រជាធិបតេយ្យដែលមានប្រជាពលរដ្ឋជាង ១៣០០លាននាក់ ដែលមានការរីកចម្រើនខ្លាំង ជាពិសេសខាងបច្ចេកវិទ្យា ដែលជាតម្រូវការដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុង “វេទិកាធុរកិច្ចឥណ្ឌា-កម្ពុជា” ដែលរៀបចំដោយ រដ្ឋាភិបាលឥណ្ឌា, សម្ព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា, សហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា, និងសហព័ន្ធឧស្សាហកម្មឥណ្ឌា។

កន្លងមកគឺ មានគម្រោងឯកជនប្រមាណ ៥ ដែលវិនិយោគនៅកម្ពុជាលើទឹកប្រាក់ប្រមាណ ១០៥ លានដុល្លារ យ៉ាងណាមិញសម្តេចតេជោ ហ៊ុន សែន ចង់ឃើញ ក្រុមហ៊ុនឥណ្ឌាជាច្រើនទៀតមកកម្ពុជា នឹងចង់បានឲ្យមានជើងហោះហើរត្រង់ពី ឥណ្ឌាទៅកម្ពុជា ដើម្បីជួយសម្រួលអ្នកទេសចរណ៍ និងពាណិជ្ជករកាន់តែងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញទៀតផង៕

មតិយោបល់