ព័ត៌មានសេដ្ឋកិច្ច

ជប៉ុន សម្រេចបង្កើតមហាវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀន នៅកម្ពុជា

កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក កាហ្ស៊ូយូគី ណាកាណេ( Kazuyuki NAKANE) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងជំនួបនោះ លោក Kazuyuki NAKANE បានបញ្ជាក់ថា ទិសដៅរបស់ជប៉ុន ក្នុងការរួមចំណែកនៅក្នុងតំបន់គឺ ជួយជំរុញការអភិវឌ្ឍរបៀងខាងត្បូង ដែលក្នុងនោះមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការចូលរួមចំណែកអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ បណ្តាញខ្សែអគ្គីសនី និងការអភិវឌ្ឍធនធានមនុស្ស ដែល ជប៉ុនបានសម្រេចបង្កើតមហាវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជាទៀតផង។

លោក បានជម្រាបជូន សម្តេចតេជោ អំពីការរីកចម្រើននៃទំនាក់ទំនង និងសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ជាពិសេសនៅក្នុងខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតដ៏ល្អរវាងប្រទេរសទាំងពីរ ដែលពេលនេះប្រទេសជប៉ុនបានសម្រេចបើកអគ្គកុងស៊ុលនៅទីក្រុងសៀមរាបបន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងស៊ីជម្រៅរវាងប្រទេសទាំងពីរ។

លោករដ្ឋលេខាធិការ​ ក៏បានប្តេជ្ញាក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អរឹងមាំខ្លាំងឡើងថែមទៀត។

កាលពីពេលថ្មីៗនេះ ប្រធានសហជីពទទួលពលករពីកម្ពុជាឲ្យទៅធ្វើការ នៅប្រទេសជប៉ុន បានអះអាងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋជប៉ុនភាគច្រើនមានវ័យចំណាស់ ដែលមិនអាចធ្វើការបាន ហើយដើម្បីឱ្យសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជប៉ុន ចេះតែទៅបានល្អ រដ្ឋាភិបាលជប៉ុនបានអនុញ្ញាតឱ្យពលករនៃបណ្តាប្រទេសផ្សេងៗ ក្នុងនោះ ក៏មានកម្ពុជាដែរ ចូលទៅនៅប្រទេសជប៉ុនបាន។

លោក Harima Hiroki ប្រធានសហជីពទទួលពលករពី កម្ពុជាឱ្យទៅធ្វើការនៅប្រទេសជប៉ុន បានបញ្ជាក់ថា ពលករទាំងនោះអាចទៅធ្វើការ នៅប្រទេសជប៉ុន បានត្រឹមតែ ៣ ទៅ ៥ឆ្នាំប៉ុណ្ណោះ គឺត្រូវត្រឡប់មកកម្ពុជាវិញ។

តែឥឡូវនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចអនុញ្ញាតឱ្យ និសិ្សតកម្ពុជា ដែលបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រផ្នែកវិស្វកម្ម និងស្ថាបត្យកម្ម នៅសកលវិទ្យាល័យអង្គរ អាចទៅធ្វើការ និងរស់នៅប្រទេសជប៉ុនអស់មួយជីវិតបាន។

លោកបានបន្តថា ដោយសារមានកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងសកលវិទ្យាល័យអង្គរ ខេត្តសៀមរាប នៅក្នុងជំនួបជាមួយនិស្សិតលើកនេះ ខាងសហជីព ទទួលពលករ នៃប្រទេសជប៉ុន បាននាំប្រធានក្រុមហ៊ុនសំណង់ធំៗ នៅជប៉ុនប្រមាណជា៤ ក្រុមហ៊ុនឱ្យមកជួបជាមួយនិសិ្សតនៅសកល វិទ្យាល័យអង្គរនេះដោយផ្ទាល់ ដើម្បីធ្វើការទំនាក់ទំនងជាមួយនិស្សិតទាំងអស់នេះដោយផ្ទាល់។

លោកប្រធានសហជីពបានលើកឡើងទៀតថា នៅពេលដែលនិស្សិតណាម្នាក់ យល់ព្រមទៅធ្វើការជា មួយក្រុមហ៊ុនណាមួយហើយនោះក្រុមហ៊ុននោះ និងចេញថវិកាថ្លៃការសិក្សាទាំងអស់រហូតទល់ បញ្ចប់ការសិក្សារួចមកខាងក្រុមហ៊ុន និងរៀបចំឯកសារ យកនិសិ្សតនោះ ទៅធ្វើការនៅប្រទេសជប៉ុនតែម្តង ហើយទៅធ្វើការនេះ និស្សិតអាចទៅរស់នៅមួយជីវិតបាន ឬអាចធានាយកម្តាយឪពុកទៅរស់នៅជាមួយគ្នាក៏បាន។

ទន្ទឹមនេះ បច្ចុប្បន្ននៅមានក្រុមហ៊ុនចំនួន ៣ពាន់ក្រុមហ៊ុនលើ គ្រប់វិស័យចាំទទួលពលករ និងអ្នក ជំនាញ ពីកម្ពុជាទៅធ្វើការនៅទីនោះ ហើយមានពលករខ្មែរប្រមាណជា ១៥០នាក់ហើយដែលបានទៅ ធ្វើការនៅតាមបណ្តាក្រុមហ៊ុនទាំងនេះ។

ជាមួយគ្នានេះ ក្រៅពីប្រទេសជប៉ុន សាកលវិទ្យាល័យអង្គរ ក៏មានប្រទេសដៃគូធ្វើកិច្ចសហប្រតិបត្តិការ ចំនួន ២៣ផ្សេងទៀត ក្នុងនោះមានដូចជា កូរ៉េ ចិន អូស្រ្តាលី និងថៃជាដើម ៕


មតិយោបល់