ព័ត៌មានសេដ្ឋកិច្ច

បច្ចេកវិទ្យា អាចជម្រុញកំណើនបៃតង នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ

ADB៖ នៅក្នុងរយ:ពេល ២០ ឆ្នាំចុងក្រោយនេះ កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) បានជួយកាត់បន្ថយភាពក្រីក្រ និងនាំមកនូវវិបុលភាពដល់ប្រជាជនជាច្រើននាក់ ក្នុងចំណោមប្រជាជន​ទាំង ៤២០លាននាក់ នៅក្នុងមហាអនុតំបន់នេះ។

ការអភិវឌ្ឍជាច្រើន ពឹងអាស្រ័យលើធនធានធម្មជាតិ ដែលបានជួយបង្កើតទ្រព្យធនពាក់កណ្តាល ក្នុង​ចំណោម​ទ្រព្យធនសរុបនៅក្នុងប្រទេសមួយចំនួន ដែលស្ថិតនៅក្នុងមហាអនុតំបន់ទន្លេមេគង្គនេះ។

ប៉ុន្តែ វិធីសាស្ត្រ «អភិវឌ្ឍឥឡូវ សំអាតនៅពេលក្រោយ» ធ្វើឱ្យបញ្ហារិចរិលបរិស្ថាន កាន់តែមានសភាពធ្ងន់ធ្ងរទៅៗ ព្រោះ​តែ​ការបំពុលខ្យល់ទឹក និងដី ការបាត់បង់ព្រៃឈើ ការប្រើប្រាស់ធនធានធម្មជាតិលើសកំណត់ និងការផលិត​សំណល់​​ក្នុងបរិមាណដ៏ច្រើន។

គ្រប់ប្រទេសដៃគូទាំង​ ៦ ជាសមាជិករបស់មហាអនុតំបន់ទន្លេមេគង្គរួមមាន កម្ពុជា សាធារណរដ្ឋ​ប្រជា
មានិត​ចិន (ជាពិសេសខេត្តយូណាន និងតំបន់ស្វយ័តគ័ងស៊ីជ័ង) សាធារណរដ្ឋប្រជាមានិតឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម សុទ្ធតែបានគ្រប់គ្រងធនធានធម្មជាតិ និងសេវាប្រព័ន្ធបរិស្ថានរបស់ខ្លួនប្រសើរជាងមុន។

កន្លងមក កម្មវិធីបរិស្ថានស្នូល CEP បានវិនិយោគទឹកប្រាក់ចំនួន ៥០ លានដុល្លារ ដើម្បី​ជួយ​ប្រទេស​ក្នុង​មហា​អនុតំបន់ទន្លេមេគង្គ ធ្វើការកែលំអដំណើរការរៀបចំគោលនយោបាយ និងផែនការបរិស្ថាន កសាង​ភាពធន់ទ្រាំ​ទៅ​នឹង​អាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីការដឹកជញ្ជូនទំនិញ។

បច្ចេកវិទ្យាជាកូនសោរ សម្រាប់ដោះស្រាយបញ្ហាទាំងនេះមាន «បដិវត្តន៍ឧស្សាហកម្មទី ៤» កំពុងចាប់​ផ្តើម​ចេញដំណើររួចទៅហើយ។

បច្ចេកវិទ្យាថ្មីៗអាចជួយធានាយ៉ាងណា ឱ្យកំណើននាពេលអនាគតជា “កំណើនបៃតង” ដែលនេះជា​យុទ្ធសាស្ត្រ​ឈ្នះ​ៗ សម្រាប់បរិស្ថានផង និងសេដ្ឋកិច្ចផង។

បច្ចេកវិទ្យាទាំងនេះ ជាបច្ចេកវិទ្យាស្អាតជាងបច្ចេកវិទ្យាមុនៗ និងជួយឱ្យប្រទេសនានាអាចប្រើប្រាស់​ធនធានធម្មជាតិរបស់ខ្លួន ដូចជា ដី ទឹក និងថាមពល កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

បច្ចុប្បន្ននេះ បច្ចេកវិទ្យាសារគមនាគមន៍ទំនើប អាចសាយភាយដល់តំបន់ដាច់ស្រយាល ក្នុងតម្លៃមួយទាប ដែលអាចជួយភ្ជាប់ទំនាក់ទំនងសហគមន៍ជាមួយនឹងអ្នកផ្តល់សេវា និងភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកផលិត និង​អតិថិជន​របស់ពួកគេ។

បញ្ហាសំណល់ និងការបំពុលបរិស្ថាន ដែលជាអនុផលនៃការពង្រីកខ្លួនយ៉ាងឆាប់រហ័ស​របស់ទីក្រុង​ក្នុង​
អនុតំបន់នេះ អាចដោះស្រាយបាន តាមរយ:ការប្រើប្រាស់យានយន្តអគ្គិសនី បច្ចេកវិទ្យាសន្សំសំចៃថាមពល និង​ប្រព័ន្ធ​គ្រប់គ្រងចរាចរណ៍ស្វ័យប្រវត្តិ ដែលអាចជួយឱ្យប្រទេសនានាសម្រេចទៅតាមចំណុចដៅ នៃការកាត់បន្ថយ​ការ​បំភាយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួន។

បញ្ហាប្រឈមដែលប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គ កំពុងជួបប្រទះ គឺការពង្រីក​បច្ចេកវិទ្យាថ្មីៗ​ទាំង​នេះ ដើម្បីបំពេញទៅតាមអាទិភាពនៃការអភិវឌ្ឍរបស់ខ្លួន។

ការចូលរួម និងការផ្តល់ហិរញ្ញប្បទានរបស់វិស័យឯកជន មានតួនាទីយ៉ាងសំខាន់នៅក្នុងបរិបទនេះ ប៉ុន្តែ រដ្ឋាភិបាល អាចត្រួសត្រាយផ្លូវបន្ថែមទៀត តាមរយ:ការធានា​យ៉ាង​ណា​ឱ្យគោលនយោបាយ និងបទបញ្ជាដែលខ្លួនដាក់ចេញ អាចជួយលើកទឹកចិត្តឱ្យមាននវានុវត្តន៍ និង​ស្វាគមន៍​ការ​ផ្លាស់ប្តូរបច្ចេកវិទ្យា៕

មតិយោបល់