ព័ត៌មានសេដ្ឋកិច្ច

ជប៉ុន គ្រោងផ្ដល់ជំនួយ៤លានដុល្លារ សម្រាប់គម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជីយានយន្ដនៅកម្ពុជា

រដ្ឋាភិបាលជប៉ុន គ្រោងផ្តល់ជំនួយប្រមាណ ៤លានដុល្លារអាមេរិក តាមសំណើរបស់កម្ពុជា ដើម្បីលើកម្ពស់ផ្នែកទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្ដនៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើង។ នេះបើតាមការលើកឡើងរបស់លោក អូតា ម៉ាសាយ៉ា ប្រធានទីប្រឹក្សាគម្រោង JICA ជប៉ុនប្រចាំកម្ពុជា។

លោក អូតា ម៉ាសាយ៉ា បានបញ្ជាក់ថា ចំពោះសំណើរបស់កម្ពុជានេះ អង្គការ JICA ជប៉ុន បាននិងកំពុងពិនិត្យពិចារណា និងពិភាក្សាលើកម្រិតបច្ចេកទេស ជាមួយភាគីពាក់ព័ន្ធដើម្បីសម្រេចលើ ការផ្ដល់ជំនួយលើទឹកប្រាក់ ៤លានដុល្លារអាមេរិកដល់កម្ពុជា។

ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ស្របពេលដែលចំនួនរថយន្ដ និងម៉ូតូនៅក្នុងប្រទេសកម្ពុជា កំពុងមានការកើនឡើងយ៉ាងលឿន ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធគ្រប់គ្រងការចុះបញ្ជី និងត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្ដ នៅមិនទាន់មានលក្ខណ:គ្រប់គ្រាន់នៅឡើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចស្នើសុំរដ្ឋាភិបាលជប៉ុន ដើម្បីជួយគាំទ្រផ្នែកបច្ចេកទេស កំណត់ការចុះបញ្ជីគ្រប់គ្រងប្រព័ន្ធយានយន្ត និងការត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តឱ្យមានប្រសិទ្ធភាព។

ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូនបាននឹងកំពុងកែ លម្អប្រព័ន្ធចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្ត ដោយមានការសហការពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA។

ជាមួយគ្នានេះដែរ បញ្ហាប្រព័ន្ធព័ត៌មានវិទ្យា ក្រសួងមិនទាន់ត្រូវដោះស្រាយបានទាំងស្រុងនៅឡើយទេ ដូច្នេះក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចសុំជំនួយបច្ចេកទេសពីអង្គការ JICA ជប៉ុនលើគម្រោង ទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្ត៕

មតិយោបល់