Post News Media ព័ត៌មានសេដ្ឋកិច្ច ប្រទេស៦ នៃមហា...

ប្រទេស៦ នៃមហាអនុតំបន់ទន្លេមេគង្គ គ្រោងចំណាយ៥៤០លានដុល្លារ សម្រាប់វិនិយោគបៃតង

រដ្ឋមន្ត្រីក្រសួងបរិស្ថាន មកពីប្រទេសទាំង ៦ នៃមហាអនុតំបន់ទន្លេមេគង្គ (GMS) បានអនុម័តលើរបៀបវារ:បរិស្ថាន រយ:ពេល ៥ឆ្នាំ ក្នុង​ទំហំទឹកប្រាក់ជាង ៥៤០លានដុល្លារ សម្រាប់គម្រោងអាទិភាពមួយចំនួន ដើម្បីជម្រុញឱ្យមានការវិនិយោគបៃតង និងបង្កើន​កិច្ច​សហប្រតិបត្តិការក្នុងវិស័យបរិស្ថាន ដែលជួយឱ្យតំបន់នេះសម្រេចនូវកំណើនប្រកបដោយចីរភាព។

រដ្ឋមន្ត្រី បានអនុម័តលើក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពនៃ កម្មវិធីបរិស្ថានស្នូល (CEP) ២០១៨​-២០២២ ក្នុងកំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃមហាអនុតំបន់ទន្លេមេគង្គលើកទី ៥ ដែល​រៀបចំ​ធ្វើ​ឡើង ពីថ្ងៃទី ៣០ ខែ មករា ដល់ថ្ងៃទី ១ ខែ កុម្ភ: នៅទីក្រុងឈៀងម៉ៃ។

កម្មវិធី ដែលត្រូវបានប្រកាសចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០០៦ និងគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ីនេះ កំពុងចាប់ផ្តើមដំណាក់កាលទី ៣ របស់ខ្លួន ហើយបានជួយរំដោះប្រជាពលរដ្ឋជាង ៣០,០០០ នាក់ពីភាពក្រីក្រ នៅតំបន់ជនបទ ក្នុងមហាអនុតំបន់។

កម្មវិធី CEP នេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការកសាងការជឿទុកចិត្ត និងការយោគ​យល់​គ្នា រវាងបណ្តាប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ ក្នុងការអនុវត្តកិច្ចខិតខំ​ប្រឹងប្រែង​ក្នុងវិស័យបរិស្ថាន ហើយ​យើង​នឹងធ្វើការងារ​រួមគ្នាបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់អនុតំបន់នេះ ក្នុងការឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​នានា ដែល​កើតមានក្នុងវិស័យបរិស្ថាន។

ក្រៅពីការវិនិយោគក្នុងទឹកប្រាក់ ៥៤០លានដុល្លារ ដែលផ្តោតលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លី ការ​គ្រប់​គ្រងសំណល់ ការត្រួតពិនិត្យការបំពុលបរិស្ថាន និងការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់​ទៅនឹង​អាកាសធាតុ យុទ្ធសាស្ត្ររយ:ពេល ៥ឆ្នាំនេះ ក៏នឹងត្រួសត្រាយផ្លូវបង្កើតនូវ កម្មវិធីរៀបចំគម្រោងថ្មីមួយ ដើម្បី​ជួយប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គស្វែងរកធនធានថវិកា ដើម្បីបំពេញកង្វះថវិកា​សម្រាប់​ការវិនិយោគ​លើ​ការ​អភិវឌ្ឍបៃតង ជាពិសេស តាមរយ:ការរៀបចំគម្រោង និងការផ្តល់ហិរញ្ញប្បទានដល់គម្រោង។

វេទិកាបច្ចេកវិទ្យា​បៃតង​ក៏នឹងត្រូវបង្កើតឡើងផងដែរ ដើម្បីបំពេញតួនាទី ទីផ្សារសម្រាប់ភ្ជាប់ទំនាក់ទំនង អ្នកផ្តល់សេវាបច្ចេកវិទ្យា​ជាមួយ​នឹងអ្នកប្រើប្រាស់បច្ចេកវិទ្យា ដែលផ្តោតលើបច្ចេកវិទ្យាគ្រប់គ្រងសំណល់ ថាមពលក៏កើតឡើងវិញ ប្រសិទ្ធភាព​ថាមពល ភាពធន់ទៅនឹងអាកាសធាតុ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។ល។

ប្រទេសដែលជាសមាជិកមហាអនុតំបន់ទន្លេមេគង្គរួមមាន កម្ពុជា សាធារណរដ្ឋប្រជាមានិតចិន (ជាពិសេស​ ខេត្តយូណាន និងតំបន់ស្វ័យយ័តគ័ងស៊ីជ័ង) សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម៕

Loading...