Post News Media ព័ត៌មានសេដ្ឋកិច្ច Grab និង Sams...

Grab និង Samsung ចុះ MOU ពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាក្នុងតំបន់អាស៊ីអាគ្នេយ៍

Grab ដែលជាក្រុមហ៊ុនផ្តល់មធ្យោបាយធ្វើដំណើរ និងសេវាទូទាត់ប្រាក់ ដែលឈានមុខគេនៅអាស៊ីអាគ្នេយ៍និង Samsung Electronics ដែលជាក្រុមហ៊ុនអេឡិចត្រូនិកធំបំផុតមួយនៅលើពិភពលោក បានប្រកាសនៅថ្ងៃនេះថា ពួកគេបានចុះហត្ថលេខាលើអនុស្សរណ:យោគយល់ក្នុងរយ:ពេលច្រើនឆ្នាំ ដើម្បីជំរុញការដាក់បញ្ចូលនូវប្រព័ន្ធឌីជីថលក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន Grab និង Samsung នឹងធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមជាច្រើនដើម្បីនាំមកនូវអត្ថប្រយោជន៍នៃបច្ចេកវិទ្យាដូចជាផ្ដល់ជូននូវសេវាកម្មដែលល្អប្រសើរជាងមុន និងបង្កើនឱកាសស្វែងរកប្រាក់ចំណូលកាន់តែប្រសើរឡើងសម្រាប់អតិថិជន និងដៃគូបើកបររាប់លាននាក់របស់ Grab ទូទាំងតំបន់អាស៊ីអាគ្នេយ៍។

Grab គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារនៃការធ្វើដំណើរប្រចាំតំបន់អាស៊ីអាគ្នេយ៍​​​ ដែលជាវិស័យមួយ ក្នុងចំណោមវិស័យសេវាកម្មអ៊ីនធឺណែតដែលរីកលូតលាស់លឿនបំផុត ហើយត្រូវបានគេរំពឹងថា នឹងក្លាយជាវិស័យដែលមានប្រាក់ចំនូលដល់ទៅ ២៥ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២២ នៅក្នុងតំបន់នេះ។

នៅក្នុងការចូលរួមជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដ៏ទូលំទូលាយនេះ ក្រុមហ៊ុន Grab និង Samsung នឹងបង្កើតនូវដំណោះស្រាយដែលផ្ដល់នូវលក្ខណ:ងាយស្រួលនៅក្នុងវិស័យឧស្សាហកម្មដឹកជញ្ជូន មានរួមបញ្ចូលទាំងគម្រោងហិរញ្ញប្បទានខ្នាតតូចសម្រាប់ដៃគូបើកបរ របស់ក្រុមហ៊ុន Grab ជាង ២.៣លាននាក់ ការបង្កើតនូវបទពិសោធន៍ល្អៗដល់អតិថិជនទាំងនៅក្នុងការហៅរថយន្តតាក់ស៊ី ព្រមទាំងក្នុងពេលដែលគាត់កំពុងជិះ និងផ្ដល់ជូននូវដំណោះស្រាយក្នុងការធ្វើដំណើរផ្សេងៗទៀត។

ក្រុមហ៊ុនទាំងពីរនេះនឹងធ្វើការរួមគ្នាដើម្បីពង្រីកចូលក្នុងទីផ្សារ នៃការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត តាមរយ:ការផ្តល់ជូននូវមធ្យោបាយទូទាត់តាមទូរស័ព្ទ ដែលនឹងបំពេញតម្រូវការអតិថិជននៅអាស៊ីអាគ្នេយ៍។

លោក Anthony Tan នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Grab បានថ្លែងថា «អាស៊ីអាគ្នេយ៍ គឺជាទីតាំងនៃទីផ្សារកំពុងរីកចម្រើនលឿនបំផុតនៅលើពិភពលោក ប៉ុន្តែទីប្រជុំជននិងទីក្រុងតូចៗមិនអាចចូលទៅកាន់កំណើនសេដ្ឋកិច្ចឌីជីថលបានឡើយ ហើយបច្ចេកវិទ្យាទូរស័ព្ទចល័តអាចជួយកាត់បន្ថយគម្លាតនៃហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចបន្ថែមទៀត។»

លោក Sangchul Lee ជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអេឡិចត្រូនិក Samsung ប្រចាំនៅអាស៊ីអាគ្នេយ៍ និងអូសេអានីបានមានប្រសាសន៍ថា «អត្ថប្រយោជន៍ជាច្រើន ត្រូវបាននាំមកដោយការតភ្ជាប់តាមឌីជីថលកាន់តែច្រើន ហើយយើងមានការរំភើបក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុន Grab ដើម្បីផ្តល់ជូនអតិថិជនក្នុងតំបន់នូវដំណោះស្រាយឌីជីថលជាច្រើនសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគេ។»

ការសហការជាយុទ្ធសាស្រ្ត នឹងត្រូវបានអនុវត្តតាមដំណាក់កាលនៅគ្រប់ប្រទេសនៅអាស៊ីអាគ្នេយ៍ដែលកម្មវិធី Grab ដំណើរការ។

នៅដំណាក់កាលទី១ Grab និង Samsung នឹងផ្តល់ជូននូវ៖

ការផ្តល់ហិរញ្ញប្បទានខ្នាតតូចនៃឧបករណ៍ចល័ត (Mobile Devices)សម្រាប់អ្នកបើកបរ

ដៃគូដែលជាអ្នកបើកបររថយន្តរបស់ Grab មានចំនួនជាង ២.៣លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍នឹងទទួលបានកម្មវិធីមីក្រូហិរញ្ញវត្ថុដែលផ្តោតលើការផ្តល់ឱ្យពួកគេនូវបច្ចេកវិទ្យាចល័តដ៏រឹងមាំ ដែលនឹងជួយកាត់បន្ថយការចំណាយលើការទិញស្មាតហ្វូន និងការចំណាយលើការថែទាំ ដោយការផ្ដល់ឱ្យនូវកម្មវិធីល្អៗ និងប្រព័ន្ធរក្សាសុវត្ថិភាពផ្សេងៗ។ នេះគឺជាផ្នែកមួយនៃកម្មវិធី Better 365 របស់ Grab ដែលផ្តល់អត្ថប្រយោជន៍ជាច្រើន និងជួយកាត់បន្ថយការចំណាយសម្រាប់អ្នកបើកបរ។

បង្កើនបទពិសោធន៍អតិថិជននៅ GrabKiosks និង GrabBooths

ដើម្បីធ្វើឱ្យសេវាកម្មរបស់ Grab កាន់តែមានភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរ និងអតិថិជននៅអាស៊ីអាគ្នេយ៍ Grab នឹងធ្វើការណែនាំ GrabKiosks និង GrabBooths សម្រាប់អតិថិជនដែលមានភាពមមាញឹកខ្លាំងដូចជា នៅតាមផ្សារទំនើប សណ្ឋាគារ និងព្រលានយន្តហោះជាដើម។ លក្ខណ:ពិសេសនៃឧបករណ៍របស់ក្រុមហ៊ុន Samsung  ជាមួយនឹង កម្មវិធីដែលបានតំឡើងមុនរបស់ក្រុមហ៊ុន Grab អនុញ្ញាតឱ្យអ្នកប្រើប្រាស់ម្នាក់ៗ និងបុគ្គលិកក្រុមហ៊ុននានា អាចធ្វើការកក់រថយន្ត Grab សម្រាប់ជិះខ្លួនគេ ឬកក់ឱ្យអ្នកដទៃបាន សូម្បីតែនៅពេលដែលពួកគេមិនមានការតភ្ជាប់ទិន្នន័យ (Internet) ក៏ដោយ។

សេវាកម្មពត៌មានកម្សាន្ត (Infotainment) នៅក្នុងរថយន្តមួយចំនួន

Grab និង អ្នកបើកបររថយន្តដែលជាដៃគូរបស់ Grab បានឯកភាពគ្នានៅក្នុងការសាកល្បងប្រើប្រាស់សេវាកម្មចំរៀងនិងវីដេអូ (Multimedia) នៅក្នុងរថយន្ដនៅប្រទេសសិង្ហបុរី ដោយដំឡើងកម្មវិធីតាក់ស៊ី Samsung tablet នៅក្នុងរថយន្ត សម្រាប់អតិថិជនដែលគាត់មានបំណងចង់ស្វែងរកព័ត៌មានកម្សាន្តផ្សេងៗឱ្យគាត់អាចប្រើប្រាស់បាន។ កម្មវិធីនេះនឹងត្រូវបានសាកល្បងដាក់ឱ្យដំណើរការទូទាំងអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។

Grab ជាបណ្តាញគមនាគមន៍ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាកម្មវិធីចល័តមួយដែលត្រូវបានប្រើញឹកញាប់បំផុតនៅក្នុងតំបន់ ដែលមានចំនួននៃការជិះរថយន្តតាក់ស៊ីប្រចាំថ្ងៃរហូតដល់ ៣.៥លាន។ កម្មវិធី Grab ត្រូវបានគេទាញយកមកដាក់លើឧបករណ៍ចល័តជាង ៧៧លានគ្រឿងដែលផ្តល់ឱ្យអ្នកដំណើរនូវមធ្យោបាយដឹកជញ្ជូនតាមផ្លូវគោកធំបំផុតក្នុងតំបន់ដែលមានអ្នកបើកបរជាង ២.៣ លាននាក់។ Grab ផ្តល់ជូននូវឡានឯកជន ម៉ូតូតាក់ស៊ី និងសេវារថយន្តនៅទូទាំងប្រទេសចំនួន ៨ ប្រទេស និងទីក្រុងចំនួន ១៦៨ នៅអាស៊ីអាគ្នេយ៍៕

Loading...