ព័ត៌មានសេដ្ឋកិច្ច

ADB ចេញផ្សាយសៀវភៅមគ្គុទេសន៍ពី ទីផ្សារសញ្ញាប័ណ្ណដំបូង សម្រាប់កម្ពុជានិងមីយ៉ាន់ម៉ា

កាលពីពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានចេញផ្សាយសៀវភៅមគ្គុទេសន៍ទីផ្សារសញ្ញាប័ណ្ណ ដែលត្រូវបានទទួលស្គាល់ជា​ផ្លូវការ​ដំបូង សម្រាប់ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។

ឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “សៀវភៅមគ្គុទេសន៍ស្តីពីទីផ្សារសញ្ញាប័ណ្ណសម្រាប់​
អាស៊ាន+៣” សម្រាប់ប្រទេសនីមួយៗបង្ហាញព័ត៌មានលម្អិតអំពីបរិយាកាសនៃការវិនិយោគ វិធាន ច្បាប់ ឱកាស និងលក្ខណ:​សំខាន់ៗនៃទីផ្សារសញ្ញាប័ណ្ណ របស់ប្រទេសក្នុងអាស៊ីអាគ្នេយ៍ទាំងពីរនេះ។​

សៀវភៅមគ្គុទេសន៍នេះ គឺជាផ្នែកមួយនៃឯកសារបោះពុម្ពផ្សាយស្តីពីទីផ្សារសញ្ញាប័ណ្ណ​ដែលប្រើ​រូបិយបណ្ណ​​ក្នុងស្រុកនៅអាស៊ី ក្នុងគោលបំណងជួយដល់អ្នកចេញសញ្ញាប័ណ្ណ អ្នកវិនិយោគ និងអន្តរការី ដែលមាន​គោលបំណង​ធ្វើ​ធុរកិច្ចក្នុងទីផ្សារសញ្ញាប័ណ្ណ ឱ្យយល់ពីបរិបទតាមប្រទេសនីមួយៗ និងលើកទឹកចិត្ត​ឱ្យមានការ​ចូល​រួម​ពី​តួអង្គ​ទាំងនេះ​ក្នុង​ទីផ្សារសញ្ញាប័ណ្ណរបស់តំបន់ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សមួយនេះ។

លោក Yasuyuki Sawada ប្រធានសេដ្ឋវិទូរបស់ ADB មានប្រសាសន៍ថា ទីផ្សារសញ្ញាប័ណ្ណ​ក្នុង​ស្រុក​ដែល​មានភាពរឹងមាំ មានតួនាទីយ៉ាងសំខាន់ សម្រាប់ជម្រុញកំណើន និងការអភិវឌ្ឍរបស់ប្រទេស។

ទីផ្សារ​សញ្ញា​ប័ណ្ណ​ក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងដំណាក់កាលទើបអភិវឌ្ឍនៅឡើយ ប៉ុន្តែទីផ្សារ​នៅក្នុង​ប្រទេស​ទាំងពីរនេះ កំពុងបន្តមានការវិវឌ្ឍបន្ថែមទៀត ដែលនឹងជួយគៀងគរហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍​ហេដ្ឋា-រចនាសម្ព័ន្ធ ដែលកំពុងមានតម្រូវការខ្លាំង និងជួយធ្វើឱ្យធុរកិច្ចនានា អាចមានភាពធន់ទ្រាំ​ទៅនឹងវិបត្តិ​ហិរញ្ញវត្ថុ​ជា សកល។

បន្ទាប់ពីមានការដាក់ឱ្យអនុវត្តនូវក្របខ័ណ្ឌគតិយុត្តថ្មីមួយ កាលពីខែ សីហា ឆ្នាំ ២០១៧ ទីផ្សារ​សញ្ញាប័ណ្ណថ្មីនៅកម្ពុជា នឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗនេះ។

ទីផ្សារសញ្ញាប័ណ្ណនៅអាស៊ីបានពង្រីកខ្លួនយ៉ាងលឿន ក្នុងមួយរយ:ពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយ​​ទីផ្សារសញ្ញាប័ណ្ណ នៅអាស៊ានបូកចិន និងសាធារណរដ្ឋកូរ៉េ បានកើនឡើងពី ២.៥ទ្រីលានដុល្លារក្នុងឆ្នាំ ២០០៥ ដល់ ១១.៦ ទ្រីលានដុល្លារ គិតត្រឹមចុងខែ កញ្ញា ឆ្នាំ ២០១៧។

ទីផ្សារសញ្ញាប័ណ្ណទាំងនេះ ផ្តល់នូវជម្រើសវិនិយោគដ៏ទាក់ទាញ សម្រាប់ស្ថាប័នវិនិយោគដែលជាប់​បំណុលរយ:ពេលវែង ដូចជា មូលនិធិសោធននិវត្តន៍ និងក្រុមហ៊ុនធានារ៉ាប់រង ជាដើម ដែលមានគោលបំណង​ទាញ​ប្រយោជន៍ពីអត្រាប្តូរប្រាក់ទាប ដើម្បីពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

សៀវភៅនេះ អាចដោនឡូតបាន ពីគេហទំព័រ adb.org។ សំណៅ​បោះពុម្ព​អាចរកទិញបានតាមហាង ដែលលក់ឯកសារបោះពុម្ពផ្សាយរបស់ ADB ដូចមាននៅក្នុងបញ្ជីនេះ

មតិយោបល់