Post News Media ព័ត៌មានសេដ្ឋកិច្ច ADB៖ សេដ្ឋកិច...

ADB៖ សេដ្ឋកិច្ចកាន់តែមានការរីកចម្រើន ផ្លូវកាន់តែពិបាក

ខណ:ពេលដែលសេដ្ឋកិច្ចមានការរីកចម្រើន ផ្លូវទាំងនេះកាន់តែខូចខាតខ្លាំងឡើងៗ។ ចរាចរណ៍តាមផ្លូវថ្នល់នៅជុំវិញទន្លេសាប ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ១២% ជារៀងរាល់ឆ្នាំ នៅពេលដែលប្រជាពលរដ្ឋទិញរថយន្តកាន់តែច្រើន និងទោចក្រយានយន្តមកប្រើប្រាស់ សម្រាប់ការធើ្វដំណើររបស់ពួកគេ។ រថយន្តដឹកលើសចំណុះ បង្កឱ្យមានការខូចខាតបន្ថែមទៀត និងបង្កគ្រោះថ្នាក់មិនត្រឹមតែចំពោះអ្នកបើកបរតែប៉ុណ្ណោះទេ ថែមទាំងចំពោះ អ្នកថ្មើរជើង និងអ្នកជិះកង់ផងដែរ។

ជាធម្មតា ផ្លូវជនបទនៅកម្ពុជា គឺជាផ្លូវលំដែលពុំមានក្រាលកៅស៊ូ និងតូចចង្អៀត ដែលធ្វើឱ្យផ្លូវទាំងនេះងាយទទួលរងការខូចខាតដោយសារទឹកជំនន់នៅរដូវវស្សា។ ការធ្វើដំណើរអាចត្រូវការចំណាយពេលយូរ និងប្រកបដោយគ្រោះថ្នាក់។

ច្បាប់ចរាចរណ៍ថ្មីមួយ ត្រូវបានដាក់ឱ្យអនុវត្តកាលពីឆ្នាំមុននេះ ប៉ុន្តែមានប្រជាជនជាច្រើននាក់ ពុំបានដឹងពីច្បាប់ចរាចរណ៍នេះឡើយ ហើយក៏មិនយល់ពីផ្លាកសញ្ញាចរាចរណ៍នោះដែរ។

ការក្រាលកៅស៊ូផ្លូវលំជនបទ នាំឱ្យមានការកែលំអជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងច្រើន។ ផ្លូវក្រាលកៅស៊ូធ្វើ​ឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួលធ្វើដំណើរទៅទីក្រុង ដើម្បីលក់ទំនិញ ស្វែងរកការងារធ្វើ និងស្វែងរកសេវាថែទាំសុខភាព។ ផ្លូវក្រាលកៅស៊ូទាំងនេះ ក៏ធ្វើឱ្យការធ្វើដំណើរកាន់តែមានសុវត្ថិភាព​ផងដែរ។

ប៉ុន្តែដំបូងឡើយ ការទើបតែមានផ្លូវក្រាលកៅស៊ូរលោងបែបនេះ បង្កជាគ្រោះថ្នាក់មួយប្រភេទផ្សេងទៀតនៅតាមដងផ្លូវ ដោយសារអ្នកបើកបរច្រើនបង្កើនល្បឿន ពេលខ្លះ ក្រោយពេលផឹកគ្រឿងស្រវឹង
រួច។

លោក Shihiru Date អ្នកឯកទេសជាន់ខ្ពស់ផ្នែកគមនាគមន៍/ដឹកជញ្ជូន ដែលបានដឹកនាំគម្រោងកែលំអផ្លូវលំជនបទនៅកម្ពុជាចំនួនពីរ ក្រោមការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងរយ:ពេល ៩ ឆ្នាំ មានប្រសាសន៍ថា «ស្ថានភាពផ្លូវកាន់តែធ្ងន់ធ្ងរទៅៗ ហើយខ្ញុំដឹងថាចាំបាច់ត្រូវតែធ្វើអ្វីម៉្យាង។  ប្រជាពលរដ្ឋទាំងនេះ ពុំដែលធ្លាប់មានផ្លូវក្រាលកៅស៊ូ កន្លងមកឡើយ ហើយពួកគេមានការព្រួយបារម្ភថា ពួកគេនឹងបើកបរក្នុងល្បឿនមួយលឿន នៅពេលដែលពួកគេទទួលបានផ្លូវក្រាលកៅស៊ូបែបនេះ»។

យានយន្តដែលធ្វើចរាចរណ៍នៅតាមផ្លូវ ៨០% ជាទោចក្រយានយន្ត។ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើននៅតាមផ្លូវរបស់គម្រោងនេះ គឺបង្កឡើងដោយទោចក្រយានយន្ត។

ក្នុងរយ:ពេល ៤ ឆ្នាំ លោកបានធ្វើការងារយ៉ាងជិតស្និទជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីបង្កើតកម្មវិធីសុវត្ថិភាពផ្លូវថ្នល់តាមសហគមន៍ សំដៅផ្តល់នូវបរិយាកាសប្រកបដោយសុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវ និងប្រជាពលរដ្ឋ ក្នុងរយ:ពេលវែង។ កម្មវិធីនេះផ្តោតលើការផ្លាស់ប្តូរឥរិយាបទអ្នកប្រើប្រាស់ផ្លូវ ដែលជាមូលហេតុចំបងមួយ ដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង សូម្បីតែនៅក្នុងប្រទេសអភិវឌ្ឍន៍។

គោលបំណងជារួមនៃកម្មវិធីនេះគឺដើម្បីធានាថា ផ្លូវល្អជាងមុន មិនមែនមានន័យថា អ្នកបើកបរត្រូវបើកក្នុងល្បឿនលឿនជាងមុន និងមានគ្រោះថ្នាក់ច្រើនជាងមុននោះឡើយ។ កម្មវិធីនេះបានបង្កើតជាគំរូមួយស្តីពីសុវត្ថិភាពផ្លូវថ្នល់ សម្រាប់យកទៅអនុវត្តនៅតាមតំបន់ជនបទដទៃទៀតនៅក្នុងប្រទេសនេះ។

ដើម្បីសម្រេចនូវលទ្ធផលយូរអង្វែង យើងចាំបាច់ត្រូវជម្រុញឱ្យមានការចូលរួមពីសហគមន៍មូលដ្ឋាន។ ដំណើរការនេះត្រូវចាប់ផ្តើមមុនពេលដែលការងារសាងសង់ផ្លូវចាប់ផ្តើម ដើម្បីឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានមានពេលស្វែងយល់ពីអ្វីដែលពួកគេត្រូវដឹង មុនពេលដែលបរិមាណចរាចរណ៍ និងល្បឿននៃការធ្វើចរាចរណ៍មានការកើនឡើង។

តំបន់សុវត្ថិភាពជិតសាលារៀន ត្រូវបានកំណត់ និងមានការបំពាក់ឧបករណ៍ ដូចជា ទួលបន្ថយល្បឿន ដែលត្រូវបានដាក់នៅពេលចាប់ផ្តើម និងពេលបញ្ចប់ម៉ោងសិក្សារបស់សិស្ស ដើម្បីឱ្យយានយន្តនានាបន្ថយល្បឿនមកនៅត្រឹម ៣០ គីឡូម៉ែត្រក្នុង ១ ម៉ោង និងដើម្បីបញ្ឈប់រថយន្តទាំងនោះនៅតំបន់ដែលសិស្សឆ្លងផ្លូវ៕

Loading...